ក្រុមគោព្រៃកម្ពុជា នឹងចាប់ផ្តើមហ្វឹកហាត់ស្អែកនេះក្រោមការដឹកនាំដោយ Honda ផ្ទាល់

នូ មករា September 3, 2018


ភ្នំពេញ: យោងតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា នឹងចាប់ផ្តើមហ្វឹកហាត់នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ស្អែកនេះ ដើម្បីត្រៀមប៉ះក្រុមជម្រើសជាតិម៉ាឡេសុីនាថ្ងៃទី១០ ខែកញ្ញា ខាងមុខ ។

តាមប្រភពព័ត៌មានច្បាស់ការណ៍បានឪ្យដឹងថា ការហ្វឹកហាត់នេះនឹងដឹកនាំដោយអ្នកចាត់ការថ្មីគឺ លោក Keisuke Honda ជាមួយគ្រូជំនួយគឺលោក  Felix Agustin Gonzalez Dalmas ដោយលើកនេះក្រុមគោព្រៃកម្ពុជាមានសមាជិកសរុប ២៣នាក់មកពី ៨ក្លឹប រួមទាំងកីឡាករ ធារី ចន្ថាប៊ីន ដែលកំពុងលេងឲ្យក្លឹប Terengganu FC របស់ម៉ាឡេស៊ីផងដែរ ។

សូមបញ្ជាក់ដែរថា ក្នុងរជ្ជកាលថ្មីក្រោមការដឹកនាំរបស់អ្នកចាត់ការក្រុមថ្មីលោក Keisuke Honda គេឃើញវត្តមានកីឡាករទាំង ២៣នាក់ ក្រៅពី ធារី ចន្ថាប៊ីន មកពីក្លឹបក្រៅស្រុក រួមមានកីឡាករភ្នំពេញក្លឹប ៤នាក់, ណាហ្គាវើល ៤នាក់, ក្រសួងការពារជាតិ ៤នាក់, បឹងកេត ៣នាក់, វិសាខា ៣នាក់, ព្រះខ័នរាជស្វាយរៀង ៣នាក់ និងកីឡាករមកពីក្លឹបប៉ូលិស ១នាក់ ៕

អត្ថបទ: មករា

មតិយោបល់