Hun Sen Cup៖ ទ័ព វាយបកឈ្នះណាហ្គាវើល ៣-១ ឡើងវគ្គផ្ដាច់ព្រ័ត្រ

នូ មករា September 1, 2018


ភ្នំពេញ៖ ជំនួបរវាងក្រុមក្រសួងការពារជាតិ(ទ័ព) និងក្រុមណាហ្គាវើល បានបញ្ចប់ជាស្ថាពរហើយ ក្រោយឆ្លងកាត់ការប្រកួតរយៈពេល ១២០នាទី ដោយក្រុមក្រសួងការពារជាតិ បានវាយបកឈ្នះក្រុមលោក មាស ចាន់ណា ដោយលទ្ធផល ៣-១ ដើម្បីបន្ដដំណើរទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup រដូវកាលទី១២ ឆ្នាំ២០១៨ ។

ការប្រកួតដ៏តានតឹងនេះ ក្រុមណាហ្គាវើល បានបំបែកពង់មានក្រុមក្រសួងការពារជាតិ ១គ្រាប់មុននៅនាទី ៩ ដោយកីឡាករ ញឹម សុវណ្ណារ៉ា តែត្រូវបានកីឡាករ សុខ ហៀង វាយបកតាមស្មើឲ្យទ័ព ១-១ នៅនាទី៣១ ។ ចូលតង់ទី២ ក្រុមទាំងពីរ បានដាក់សម្ពាធឲ្យគ្នារៀងៗខ្លួន តែគ្មានការស៊ុតបញ្ចូលទីទេ ដែលនាំឲ្យការប្រកួតឈានដល់ម៉ោងបន្ថែម ១៥នាទី ២ដង ។

សម្រាប់ការប្រកួតកាត់សេចក្ដីនៅម៉ោងបន្ថែម ក្រុមក្រសួងការពារជាតិ ធ្វើបានយ៉ាងល្អ ដោយរកបាន ២គ្រាប់បន្ថែម ដែលធ្វើសម្រេចដោយកីឡាករ ស ពិសិដ្ឋ នៅនាំទី៩៤ និងកីឡាករ ឈិន ឈឿន នៅនាទី១១៧ ដើម្បីជួយក្រុមក្រសួងការពារជាតិឡើងវគ្គផ្ដាច់ព្រ័ត្រតែម្ដង ។ រីឯគូប្រជែងវគ្គផ្ដាច់ព្រ័ត្ររបស់ទ័ព គឺត្រូវចាំអ៊ុតជំនួបរវាងក្រុមប៉ូលិស និងក្រុមអង្គរថាយហ្គឺរ នាថ្ងៃស្អែក បើក្រុមណាឈ្នះ នឹងបានឡើងវគ្គផ្ដាច់ព្រ័ត្រ ខណៈក្រុមចាញ់ រួមទាំងណាហ្គាវើលផង នឹងទទួលបានលេខ ៣ស្ទួនតែម្ដង ៕

អត្ថបទ៖ បុត្រា

មតិយោបល់