Hun Sen Cup៖ អវត្តមានខ្សែការពារ ១រូប ធ្វើឲ្យគ្រូណាហ្គា ឈឺក្បាលប៉ះទ័ពថ្ងៃស្អែក

នូ មករា August 31, 2018


ភ្នំពេញ៖ លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើល បានបង្ហាញនូវក្ដីបារម្ភដ៏ធំមួយ មុនជួបក្រុមក្រសួងការពារជាតិ(ទ័ព) ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup រដូវកាលទី១២ នាវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ស្អែកនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ ។ បញ្ហាធ្វើឲ្យគ្រូកម្រិត A-License រូបនេះ ឈឺក្បាល គឺការអវត្តមានខ្សែការពារសំខាន់ ឡេង មករា ។

ថ្លែងប្រាប់អ្នកព័ត៌មាន អំឡុងពេលហ្វឹកហាត់ៗកាលពីម្សិលមិញ លោក មាស ចាន់ណា បានលើកឡើងថា បើមើលទៅគូប្រកួត លោកសង្កេតឃើញក្រសួងការពារជាតិ ធ្វើបានល្អ ទាំងការប្រមូលផ្ដុំ និងធនធានកីឡាករខ្មែរ ដែលសុទ្ធតែកីឡាករល្អ ហើយជាក្រុមធ្លាប់លើកពានថែមទៀត ។ ដូច្នេះលោកបានចាត់ការប្រកួតស្អែកនេះ មិនមែនជារឿងធម្មតាឡើយ ។ ពិសេសស្របពេលក្រុមលោក ត្រូវអវត្តមានខ្សែការពារម្នាក់ វានឹងធ្វើឲ្យការប្រកួតកាន់តែពិបាក ។

លោកបាននិយាយថា៖ «ទាក់ទងនឹងការប្រកួតថ្ងៃស្អែក យើងអវត្តមានកីឡាករខ្សែការពារម្នាក់(ឡេង មករា) ដែលគាត់ជាប់បំរាម ទទួលបានកាតលឿន ២ដង ចឹងយើងមានការបារម្ភមែនទែន ។ អាលូវយើងកំពុងធ្វើតេស្ដកីឡាករយុវជន តើកីឡាកររូបណា អាចជំនួសកន្លែងរបស់គាត់បាន ហើយយើងក៏អត់ទាន់សម្រេចចិត្ត ១០០% ត្រូវដាក់អ្នកណាដែរ តែភាគច្រើនអាចប្រើយុវជន ព្រោះអស់ជម្រើស ។ ចឹងយើងត្រូវមានការសម្រេចចិត្តខ្ពស់បំផុត ដើម្បីជួបទ័ព»។

បន្ថែមលើនេះ លោកបានសង្កត់ធ្ងន់ថា៖ «បើសិនមានគាត់ យើងអាចលេងបានល្អ ១០០% តែបើអត់គាត់យើងរំពឹងត្រឹម ៨០-៩០% ប៉ុណ្ណឹង ព្រោះទីតាំងគាត់មួយ គឺសំខាន់ ។ និយាមរួម បើខ្ញុំបាត់បង់បម្រើម្នាក់ ឬប្រយុទ្ធម្នាក់ ខ្ញុំអត់សូវបារម្ភទេ តែនេះគឺបាត់បង់ខ្សែការពារ ដោយសារឆ្នាំនេះ ខ្សែការពារយើងមានកីឡាករមែនទែ ព្រោះខ្ញុំច្រើនយកក្មេងៗមកការពារ តែប្រយុទ្ធមិនសូវបញ្ហា ។ ចឹងដល់យើងបាត់បង់កីឡាករសំខាន់ម្នាក់ គឺពិបាកបន្ដិចក្នុងតំបន់ការពារនេះ» ។

គួរបញ្ជាក់ថា ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជានេះ នឹងធ្វើឡើងតែ ១ជើងប៉ុណ្ណោះ ដោយក្រុមឈ្នះ នឹងបានឡើងវគ្គផ្ដាច់ព្រ័ត្រ ខណៈក្រុមចាញ់នឹងទទួលបានលេខ៣ ស្ទួន ។ ចំពោះកម្មវិធីប្រកួត គឺក្រោយការជួបគ្នារវាងក្រុមណាហ្គាវើល និងក្រសួងការពារជាតិ គឺក្រុមប៉ូលិស និងអង្គរថាយហ្គឺរ ត្រូវជួបគ្នាម្ដង នៅថ្ងៃទី០២ ខែកញ្ញា ។ ចំពោះការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមជើងឯក គឺគ្រោងធ្វើនៅថ្ងៃទី០៦ ខែតុលាខាងមុខ ៕

អត្ថបទ៖ បុត្រា

មតិយោបល់