គ្រូទ័ព បង្ហើបចំណុចកូនក្រុម ត្រូវពង្រឹងឲ្យបានខ្លាំងជាងណាហ្គា!

នូ មករា August 30, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់ក្រសួងការពារជាតិ(ទ័ព) និងក្រុមណាហ្គាវើល នឹងត្រូវជួបគ្នាក្នុងវគ្គពាក់កណ្ដាលផ្ដាចព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup រដូវកាលទី១២ នាល្ងាចថ្ងៃទី០១ ខែកញ្ញាចុងសប្ដាហ៍នេះ នៅលើទីលានពហុកីឡដ្ឋានជាតិ ។ ប៉ុន្ដែមុនជួបគ្នា គ្រូបង្វឹករបស់ក្រសួងការពារជាតិលោក ភា សុភ័ក្ដ្រា បានបង្ហាញពីចំណុចខ្វះខាតមួយ ដែលកូនក្រុមត្រូវពង្រឹងឲ្យបានខ្លាំងជាងក្រុមណាហ្គាវើល គឺវិន័យ ។

បញ្ជាក់អំឡុងពេលហ្វឹកហាត់កាលពីពេលថ្មីៗ គ្រូកាន់សញ្ញាបត្រ A-License រូបនេះ និយាយថា៖ «កីឡាករយើងអត់មានរបួសអីទេ តែយើងត្រូវផ្ដោតលើកតាមតាន លើកទឹកចិត្ត និងដាស់ស្មារតីពួកគាត់ ក្នុងការរៀបចំខ្លួន ពិសេសវិន័យ ទាំងក្នុងទីលាន និងក្រៅទីលាន ពីព្រោះចំណុចខ្លាំងរបស់ណាហ្គា ដែលយើងត្រូវត្រៀមឲ្យបានលើគេ គឺវិន័យ ។ ណាហ្គាគេមានវិន័យខ្ពស់ ពិសេសកីឡាករម្នាក់ៗ មានការទទួលខុសត្រូវ ការរៀបចំខ្លួន គឺមានក្នុងហ្នឹងទាំងអស់ ។ ដូច្នេះវាគឺជាកត្ដាចម្បង បន្ទាប់មកទើបយើងពង្រឹងលើការហ្វឹកហាត់ និងទិចនិក» ។

គួរបញ្ជាក់ថា ចំពោះការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានប្រើប្រាស់កីឡាករក្នុងស្រុកសុទ្ធនេះ គឺធ្វើឡើងតែ ១ជើងប៉ុណ្ណោះ នៅលើទឹកដីកណ្ដាល គឺទីលានពហុកីឡដ្ឋានជាតិ ហើយក្រុមឈ្នះ នឹងបានឡើងវគ្គផ្ដាច់ព្រ័ត្រ ខណៈក្រុមចាញ់ នឹងទទួលបានចំណាត់ថ្នាក់លេខ៣ ស្ទួនដោយស្វ័យប្រវត្តិ ដោយមិនបាច់ឆ្លងកាត់ប្រកួតទៀតឡើយ ។ ប៉ុន្ដែការប្រកួតមិនធ្វើថ្ងៃតែមួយនោះទេ ពោលគឺក្រោយក្រសួងការពារជាតិ ប៉ះណាហ្គាវើល ១ថ្ងៃ ទើបក្រុមអង្គរថាយហ្គឺរ ត្រូវជួបប៉ូលិស ដើម្បីដណ្ដើមកៅអីវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី០២ ខែកញ្ញាចុងសប្ដាហ៍នេះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់