លីគកំពូលកម្ពុជា ត្រូវសម្រាក ២សប្ដាហ៍ ក្រោមមូលហេតុ ២យ៉ាងនេះ!

នូ មករា August 30, 2018


ភ្នំពេញ៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៨ នឹងមិនមានកម្មវិធីប្រកួតឡើង នៅចុងសប្ដាហ៍នេះ និងសប្ដាហ៍បន្ទាប់ ពោលគឺត្រូវសម្រាករហូតដល់ថ្ងៃទី១៥-១៦ ខែកញ្ញា ទើបចាប់ផ្ដើមការប្រកួតសន្សំពិន្ទុ សប្ដាហ៍ទី២០ ។ នេះយោងតាមកម្មវិធីប្រកួតរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា-CNCC ។

ជុំវិញការសម្រាករយៈពេលជាងកន្លះខែនេះ គឺដោយសារកត្ដា ២យ៉ាង ទី១៖ ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានសម្ដេចតេជោ ហ៊ុន សែន រដូវកាលទី១២ ដែលត្រូវធ្វើការប្រកួតនាថ្ងៃទី០១-០២ ខែកញ្ញា ដោយក្រុមធំៗចំនួន ៤ ត្រូវជួបគ្នា រួមមានក្រុមក្រសួងការពារជាតិ ជួបក្រុមណាហ្គាវើល នៅថ្ងៃសៅរ៍ និងក្រុមអង្គរថាយហ្គឺរ ជួបក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ។

ដោយឡែកទី២៖ ក្រោយបញ្ចប់ការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ដើម្បីត្រៀមប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី នាថ្ងៃទី១០ ខែកញ្ញាខាងមុខ ជាមួយនឹងការដឹកនាំលើកដំបូងរបស់គ្រូបង្វឹកថ្មីលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា និងដៃស្ដាំរបស់លោក គឺលោក Felix Agustin Gonzalez Dalmas ។

ប៉ុន្ដែបើក្រឡេកមើលតារាងពិន្ទុបណ្ដោះអាសន្ន នៃលីគកំពូលកម្ពុជា ដោយគិតត្រឹមសប្ដាហ៍ទី១៨ គឺក្រុមណាហ្គាវើលកំពុងឈរកំពូលតារាងមាន ៤៧ពិន្ទុ តាមពីក្រោយដោយក្រុមបឹងកេតមាន ៤៥ពិន្ទុ និងក្រុមវិសាខា ឈរលេខ៣ មាន ៤២ពិន្ទុ ។ រីឯក្រុមក្រសួងការពារជាតិឈរលេខ៤ មាន ៣៩ពិន្ទុ ស្របពេលក្រុមភ្នំពេញក្រោន ឈរលេខរៀងទី៥ មាន ៣០ពិន្ទុ នាំមុខក្រុមព្រះខ័នរាជស្វាយរៀង និងប៉ូលិសមាន ២៤ពិន្ទុស្មើគ្នា ។ ចំណែកក្រុមកំពុងឈរបាត់តារាង នៅតែជាក្រុមវេស្ទើនដដែល ដែលទើបរកបាន ១ពិន្ទុប៉ុណ្ណោះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់