ច្រឹង ពលរដ្ឋ៖ ការផ្ទុះរឿងចម្រូងចម្រាស មុនផ្ទេរទៅ Buriram មិនមែនជាការសម្ដែងឡើយ!

នូ មករា August 29, 2018


ភ្នំពេញ៖ អ្នកគាំទ្រវិស័យបាល់ទាត់កម្ពុជា ប្រហែលជានៅចាំថា មុនពេលកីឡាករ ច្រឹង ពលរដ្ឋ ត្រូវបានផ្ទេរពីក្លឹបក្រសួងការពារជាតិ ទៅក្លឹបយក្សថៃ Buriram United ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីពេលថ្មីៗ ខ្សែបម្រើវ័យក្មេងរូបនេះ និងក្លឹបចាស់របស់ខ្លួន បានផ្ទុះរឿងចម្រូងចម្រាសមួយចំនួន ដែលធ្វើឲ្យអ្នកគាំទ្រសម្ដែងការហួសចិត្ត តែចុងក្រោយពួកគេបានចាត់ទុកជាការសម្ដែងទៅវិញ ព្រោះពួកគេយល់ថា គឺជាការទាក់ទាញការចាប់អារម្មណ៍ និងធ្វើឲ្យភ្ញាក់ផ្អើលពេល ពលរដ្ឋ ត្រូវបានផ្ទេរទៅក្លឹបលីគកំពូលថៃ ។

ប៉ុន្ដែការពិតត្រូវបានសាមីខ្លួន អះអាងថា មិនមែនជាការសម្ដែងឡើយ គ្រាន់តែខ្វះទំនាក់ទំនងគ្នាប៉ុណ្ណោះ ។ ពលរដ្ឋ បានប្រកាសជំហរចាស់ដដែល គឺអំឡុងពេលគេមិនបានចូលរួមជាមួយក្លឹប គេបានធ្វើការហ្វឹកហាត់ខ្លួនឯង ហើយអំឡុងពេលនេះ ភាគីក្លឹប Buriram ក៏បានទាក់ទងផ្ទាល់មកគេ និងបានធ្វើដំណើរមកជជែកគ្នានៅភ្នំពេញទៀតផង ។ តែចុងក្រោយរូបគេ បានរុញសំណើរនោះ ទៅឲ្យថ្នាក់ដឹកនាំក្លឹបក្រសួងការពារជាតិជាអ្នកសម្រេច ។

ពលរដ្ឋ បានបញ្ជាក់ថា៖ «អត់មានសម្ដែងអីទេបង គ្រាន់តែយើងខ្វះទំនាក់ទំនងគ្នា ប៉ុន្ដែជុំវិញការផ្ទេរទៅថៃ ខ្ញុំបានធ្វើការដោយគោរពថ្នាក់ដឹកនាំ ពិសេសបង ខូវ ឆាយ តែឥលូវលែងមានបញ្ហាអីហើយ» ។

សូមរំឭកថា មុនពេលក្លឹបថៃ Buriram United ប្រកាសចុះកុងត្រាជាមួយកីឡាករ ច្រឹង ពលរដ្ឋ ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល ២ឆ្នាំ អ្នកចាត់ការក្រុមលោក ទេព ឡុងរចនា និងគ្រូបង្វឹកលោក ភា សុភ័ក្ដ្រា នៃក្លឹបក្រសួងការពារជាតិ សុទ្ធតែបានចាត់ទុក ពលរដ្ឋ គឺជាក្មេងក្រៅស្រុក ព្រោះគេមិនបានធ្វើការទំនាក់ទំនងជាមួយក្លឹប ក្រោយអវត្ដមានពីទីលានហ្វឹកហាត់ជាច្រើនខែ ។ ប៉ុន្ដែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺប៉ុន្មានសប្ដាហ៍ក្រោយមក ស្រាប់តែ Buriram បានបង្ហាញវត្តមាន ច្រឹង ពលរដ្ឋ លើបណ្ដាញផ្សព្វផ្សាយខ្លួន អមដោយការព្រមព្រៀងទទួលយករូបគេ គឺជាសមាជិកនារដូវកាលក្រោយ ទើបធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំងតែម្ដង ។

យ៉ាងណាមិញបច្ចុប្បន្ន ច្រឹង ពលរដ្ឋ មិនទាន់ចាប់ផ្ដើមហ្វឹកហាត់ជាមួយមិត្តរួមក្រុមថ្មីនោះទេ ពោលគឺក្រោយពិធីចុះកិច្ចសន្យាជាមួយក្លឹប Buriram United រួចរាល់ គេក៏បានត្រឡប់មកម្ពុជាវិញ ហើយបន្ដការហ្វឹកហាត់ជាមួយក្លឹបក្រសួងការពារជាតិជាបណ្ដោះអាសន្នសិន ។ តែបើតាមគម្រោង សាមីខ្លួនបានបញ្ជាក់ថា គេនឹងចូលរួមផ្លូវការជាមួយក្រុមជើងឯកលីគកំពូលថៃនេះតែម្ដង នៅចុងខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខ ៕

អត្ថបទ៖ បុត្រា

មតិយោបល់