គ្រូភ្នំពេញក្រោន ទម្លាយមូលហេតុចែកផ្លូវជាមួយ Sunny

នូ មករា August 28, 2018


ភ្នំពេញ៖ ទីបំផុតការចែកផ្លូវគ្នារវាងក្លឹបភ្នំពេញក្រោន ជាមួយកីឡាករសញ្ជាតិឡេសូតូ Tsotleho JANE ហៅ Sunny ត្រូវបានបញ្ជាក់ច្បាស់ហើយ គឺមិនមែនដោយសារមានបញ្ហាអ្វី ឬការបង្ហាញទម្រង់លេងមិនបានល្អនោះទេ ពោលគឺភាគីទាំងពីរបានឯកភាពគ្នារៀងៗខ្លួន បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះ មានភារកិច្ចត្រឡប់ទៅជួយក្រុមជម្រើសជាតិរបស់រូបគេ ។ នេះបើតាមការលើកឡើងរបស់លោក Sean Sainsbury គ្រូបង្វឹកភ្នំពេញក្រោន ។

លោក Sean Sainsbury បាននិយាយថា៖ «Sunny ត្រូវបំពេញកាតព្វកិច្ចជាមួយក្រុមជម្រើសជាតិរបស់គេ ហើយយើងក៏បានជជែកគ្នា ស្របពេលគេចង់ផ្ដោតអារម្មណ៍លើក្រុមជម្រើសជាតិ យើងក៏សម្រេចឲ្យគេទៅ ។ ម្យ៉ាងយើងក៏ចង់ផ្ដល់ឱកាសដល់កីឡាករក្មេងៗរបស់យើងបានលេងច្រើនផងដែរ ដើម្បីបង្កើនសមត្ថភាពពួកគេឲ្យកាន់តែល្អប្រសើរ» ។ បន្ថែមលើនេះលោកបន្ដថា ដោយសារបច្ចុប្បន្នកីឡាករបរទេសនៅសល់ត្រឹម ៣នាក់ ដូច្នេះលោកនឹងធ្វើការផ្លាស់ប្ដូរទម្រង់មួយដ៏ប្លែក ដើម្បីផ្ដល់ឱកាសដល់កីឡាករក្មេងៗកម្ពុជា ។

គួរបញ្ជាក់ថា Sunny បានចាកចេញពីកម្ពុជា កាលពីចុងសប្ដាហ៍កន្លងទៅ ប៉ុន្ដែគេហាក់មាននឹករលឹកជាខ្លាំង ចំពោះមិត្តរួមក្រុម និងមិត្តភាពថ្មីៗ នៅកម្ពុជា ។ Sunny បាននិយាយថា «ខ្ញុំសូមជូនពរដល់មិត្តរួមក្រុមទាំងអស់ឲ្យទទួលបានជោគជ័យក្នុងការប្រកួតដែលនូវសេសសល់នាពេលខាងមុខ ពួកគេពិតជាមិត្តរួមក្រុមដ៏អស្ចារ្យសម្រាប់ខ្ញុំ ខ្ញុំពិតជាសប្បាយចិត្តណាស់នៅពេលដែលខ្ញុំនៅកម្ពុជានេះជាមួយពួកគេ» ។ ដោយសារកីឡាករសញ្ជាតិឡេសូតូរូបនេះ ស្រលាញ់ចូលចិត្ដប្រជាជន និងវប្បធម៌ខ្មែរ គេបានសង្កត់ធ្ងន់ថា «ខ្ញុំនឹងមកទីនេះម្តងទៀត ព្រោះខ្ញុំមានមិត្តភក្តិច្រើនណាស់នៅទីនេះ ជាចុងក្រោយខ្ញុំសង្ឃឹមថានឹងជួបអ្នកទាំងអស់គ្នាម្តងទៀត»។

បច្ចុប្បន្នក្រោយការចាកចេញរបស់ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំខាងលើ ភ្នំពេញក្រោននៅសល់កីឡាករបរទេស ៣នាក់ រួមមានខ្សែការពារជប៉ុន Atshusi Shirota, ខ្សែការពារអាមេរិកាំង Johnny Campbell និងខ្សែប្រយុទ្ធប្រេស៊ីល Valci Junior ស្របពេលពួកគេសល់ប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា ៣ប្រកួតក្នុងដៃ ដោយត្រូវជួបក្រុមអាស៊ីអឺរ៉ុប វេស្ទើនភ្នំពេញ និងចុងក្រោយប៉ះក្រុមការពារតំណែងជើងឯកបឹងកេត នាពេលខាងមុខ ៕

អត្ថបទ៖ បុត្រា

មតិយោបល់