លោក ស សុខា៖ ការសម្លឹងមេដាយស៊ីហ្គេម ឆ្នាំ២០២៣ ត្រូវចាប់ផ្ដើមពីបច្ចុប្បន្ន

នូ មករា August 28, 2018


ភ្នំពេញ៖ លោក ស សុខា ប្រធានក្លឹបបាល់ទាត់វិសាខា បានចាត់ទុកកម្មវិធីសប្បុរសធម៌ ស្ដីពីបាល់ទាត់របស់ក្លឹប គឺជាផ្នែកមួយ ដើម្បីរួមចំណែកដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ហើយលោកបានបញ្ជាក់ថា ដើម្បីសម្រេចគោលដៅស្វែងរកមេដាយក្នុងព្រឹត្តិការណ៍នេះ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាត្រូវពង្រឹងឲ្យបានខ្លាំង ចាប់ពីឥលូវទៅ ។ នេះបើតាមបញ្ជាក់ ក្រោយបញ្ចប់កម្មវិធីសប្បុរសធម៌ ស្ដីពីបាល់ទាត់ លើកទី៣ ដែលក្លឹបបានរៀបចំនៅខេត្តបាត់ដំបង កាលពីម្សិលមិញ ដែលមានកុមារកំព្រាចំនួន ១៣៣នាក់ចូលរួម ។ 

ថ្នាក់ដឹកនាំក្លឹបកំពុងឈរលេខរៀងទី៣ នៃលីគកំពូលកម្ពុជានេះ បានបញ្ជាក់ថា៖ «អ្វីដែលយើងចង់ផ្សាភ្ជាប់ទៅស៊ីហ្គេម ក៏ដូចជាអ្វីដែលកំពុងកើតឡើង គឺយើងចង់រួមចំណែកកសាងធនធានមនុស្ស ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះ ។ ប៉ុន្ដែជុំវិញការកសាងធនធានមនុស្ស អាចប្រើប្រាស់បាន មិនមែន ១ថ្ងៃ-២ថ្ងៃ យើងអាចប្រើប្រាស់បានទេ យើងត្រូវការពេលវេលាយូ តួយ៉ាងស៊ីហ្គេម ឆ្នាំ២០២៣ ត្បិតសល់ពេលជាង ៥ឆ្នាំ តែបើសិនយើងចាំជិតដល់ ១ឆ្នាំ ឬ ២ឆ្នាំ ទើបចាប់ផ្ដើម គឺមិនអាចឡើយ ។ ដូច្នេះហើយ ទើបយើងផ្ដល់ឱកាសឲ្យកុមារស្គាល់កីឡា ងាកមកស្រលាញ់កីឡា និងលេងកីឡានេះ រួមទាំងកីឡាផ្សេងៗទៀត» ។

លោកបានបន្ដថា  បច្ចុប្បន្នមិនត្រឹមតែសហព័ន្ធ ឬក្លឹបនោះទេ សូម្បីរាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ធនធានមនុស្សនេះដែរ ។ លោកបានថ្លែងថា៖ «ខ្ញុំគិតថា រាជរដ្ឋាភិបាល ក៏ដូចជាសហព័ន្ធនីមួយៗ សុទ្ធបានជំរុញ និងសម្រួចទិសដៅសហព័ន្ធត្រូវដើរ ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ហើយសម្រាប់បាល់ទាត់ ខ្ញុំគិតថា នៅឆ្នាំនោះ យើងសង្ឃឹមថា នឹងទទួលបានមេដាយមួយ សម្រាប់ជាតិ ។ ប៉ុន្ដែដូចយើងដឹងហើយ បាល់ទាត់ មិនមែនម្នាក់ ឬ ២នាក់លេងបានទេ គឺយើងត្រូវការលេងជាក្រុម ជាបក្ស ជាពួក ដែលជំរុញឲ្យយើងទាំងអស់គ្នា ត្រូវមានចិត្តតែមួយ ធ្វើរួមគ្នា ដើម្បីសម្រេចគោលដៅ ឆ្នាំ២០២៣» ។

ក្រឡេកមកចាប់អារម្មណ៍កម្មវិធីសប្បុរសធម៌ ស្ដីពីបាល់ទាត់របសក្លឹបវិសាខាវិញ គេឃើញមានកុមារកំព្រា ១៣៣នាក់មកពីអង្គការ និងសាលាមួយចំនួនក្នុងខេត្ត ហើយក្នុងនោះមានប្រមាណជាង ៦០% គឺជាកីឡាការិនី ។ ដូច្នេះប្រធានក្លឹបដដែល ក៏បានលើកទឹកចិត្តឲ្យមានការអភិវឌ្ឍន៍ ទាំងវិស័យបាល់ទាត់បុរស និងនារី រួមទាំងកីឡាផ្សេងៗ ដើម្បីចម្រាញ់បាននូវធនធានកីឡាករ-កីឡាការិនីឆ្នើម សម្រាប់ដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់