ផ្លូវការ! BTV ទទួលបានសិទ្ធិផ្សាយផ្ទាល់ក្រុមគោព្រៃកម្ពុជា ក្រោយបញ្ចប់ការដេញថ្លៃ

នូ មករា August 27, 2018


ភ្នំពេញ៖ ទីបំផុតទូរទស្សន៍ឈានមុខក្នុងស្រុក BTV-News បានទទួលសិទ្ធិផ្សាយផ្ទាល់ សម្រាប់ការប្រកួតមិត្តភាពអន្ដរជាតិក្នុងស្រុករបស់ក្រុមជម្រើសជាតិកម្ពុជាហើយ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជារៀបចំកម្មវិធីដេញត្លៃ និងបញ្ចប់ដោយជោគជ័យកាលពីពេលថ្មីៗ ។ នេះបើតាមការជូនដំណឹងលើទំព័រហ្វេសប៊ុកផ្លូវការរបស់សហព័ន្ធ នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ។

ប្រភពខាងលើបានបញ្ជាក់ថា: «ស្ថានីយ៍ទូរទស្សន៍ប៊ីធីវី (BTV) ទទួលបានសិទ្ធិពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដើម្បីរៀបចំផ្សាយផ្ទាល់រាល់ការប្រកួតកីឡាបាល់ទាត់មិត្តភាពអន្ដរជាតិក្នុងស្រុក នៃក្រុមជម្រើសជាតិកម្ពុជា សម្រាប់ឆ្នាំ២០១៨នេះ ក្រោយការដេញថ្លៃត្រូវបានបញ្ចប់ដោយជោគជ័យទាំងតម្លៃ និងលក្ខណៈបច្ចេកទេស» ។ តែយ៉ាងណាមិញសហព័ន្ធ មិនបានបញ្ជាក់ពីតម្លៃ ដែលបានដេញ រហូតទទួលបានសិទ្ធិផ្សាយផ្ទាល់នេះឡើយ ។

គួរបញ្ជាក់ថា បន្ទាប់ពីទទួលបានសិទ្ធិផ្សាយផ្ទាល់ពីសហព័ន្ធ BTV មានភារកិច្ចផ្សាយផ្ទាល់ ៣ប្រកួតរបស់ក្រុមគោព្រៃកម្ពុជា ក្នុងនោះប្រកួតដំបូង គឺជួបក្រុមជម្រើសជាតិម៉ាឡេស៊ី នាថ្ងៃទី១០ ខែកញ្ញា បន្ទាប់មកជួបក្រុមជម្រើសជាតិទីម័រខាងកើត នាថ្ងៃទី១២ ខែតុលា និងចុងក្រោយជួបក្រុមជម្រើសជាតិសិង្ហបុរី នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ។ ការប្រកួតមិត្តភាពនេះ គឺជាការត្រៀមខ្លួនរបស់កម្ពុជា ដើម្បីចូលរួមប្រកួតពានរង្វាន់ AFF Suzuki Cup 2018 នាចុងឆ្នាំនេះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់