គ្រូបឹងកេតថា ៣ប្រកួតចុងក្រោយ សុទ្ធតែជាប្រកួតផ្ដាច់ព្រ័ត្រ!

នូ មករា August 27, 2018


ភ្នំពេញ៖ លោក ហៅ សុជាតិ គ្រូបង្វឹកក្រុមបឹងកេតអែហ្វស៊ី នៅតែមានក្ដីកង្វល់ក្នុងការការពារតំណែងជើងឯក ទោះបីក្រុមលោកទើបបន្ថែម ៣ពិន្ទុ ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ១-០ កាលពីយប់មិញក៏ដោយ ព្រោះប្រកួតនៅសល់សុទ្ធតែត្រូវជួបក្រុមខ្លាំងៗ រហូតលោកចាត់ទុកគ្រប់ប្រកួត គឺជាជំនួបផ្ដាច់ព្រ័ត្រទៀតផង ។

គ្រូបង្វឹកទើបរួចពិន័យរបស់សហព័ន្ធ និងបានដឹកនាំបឹងកេតយកឈ្នះព្រះខ័នរាជស្វាយរៀងជាលើកទី២ នេះ បានបញ្ជាក់ថា សម្រាប់ ៣ប្រកួតចុងក្រោយ គឺបឹងកេត ត្រូវជួបអគ្គិសនីកម្ពុជា(EDC) អង្គរថាយហ្គឺរ និងភ្នំពេញក្រោន ។ លោកថា ក្រុមទាំងបី គឺជាក្រុមខ្លាំង ហើយស្របពេលណាហ្គាវើល កំពុងនាំមុខ ២ពិន្ទុក្នុងតារាង វាគឺជាសម្ពាធមួយ ដែលជំរុញឲ្យបឹងកេតត្រូវការឈ្នះដាច់ខាត ដើម្បីរក្សាឱកាសប្រជែងពាន រហូតដល់ដង្ហើមចុងក្រោយ ។

លោកបានបន្តថា: «៣ប្រកួតចុងក្រោយ យើងអត់អាចធ្វេសប្រហែសបានទេ គឺយើងត្រូវការត្រៀមឲ្យបានខ្លាំង ដូចជា EDC កាលជើងទី១ យើងស្មើ ១-១ ដែលយើងតាមពីក្រោយគេទៀត ។ រីឯអង្គរថាយហ្គឺរ អាលូវនេះ គាត់កំពុងឡើងទម្រង់លេងល្អមែនទែន គាត់ទទួលបានជ័យជម្នះស្ទើរគ្រប់ប្រកួត សម្រាប់ប៉ុន្មានប្រកួតចុងក្រោយ ។ សម្រាប់ភ្នំពេញក្រោន យើងត្រូវជួបគ្នាលើកចុងក្រោយ ចឹងខ្ញុំគិតថា ប្រកួតចុងក្រោយ ពួកគាត់នឹងប្រឹងប្រែង ចឹងក្រុមនីមួយៗ គឺត្រូវការឈ្នះរៀងៗខ្លួន ។ ដូច្នេះវាមិនមែនជារឿងងាយស្រួលឡើយ» ។

គួរបញ្ជាក់ថា លីគកំពូលកម្ពុជា នៅសល់តែ ៣សប្ដាហ៍ទៀតប៉ុណ្ណោះ នឹងបញ្ចប់ការប្រកួត ក៏ដូចជារកឃើញក្រុមជើងឯក ខណៈលទ្ធផលបណ្ដោះអាសន្នពេលនេះ គឺក្រុមណាហ្គាវើលកំពុងឈរកំពូលតារាងមាន ៤៧ពិន្ទុ តាមពីក្រោយដោយក្រុមបឹងកេតមាន ៤៥ពិន្ទុ និងក្រុមវិសាខាមាន ៤២ពិន្ទុឈរលេខរៀងទី៣ ។ ដូច្នេះក្រុមទាំង ៣ នេះ សុទ្ធតែមានឱកាសច្រើន ក្នុងការប្រជែងជើងឯក ពិសេសគឺក្រុមណាហ្គាវើល និងក្រុមបឹងកេតតែម្ដង ដែលត្រូវការឈ្នះដាច់ខាតនា ៣ប្រកួតចុងក្រោយ បើមិនដូច្នោះ លទ្ធផលអាចនឹងប្រែប្រួលភ្លាមៗ ៕

អត្ថបទ៖ បុត្រា

មតិយោបល់