FFC បង្ហាញរថយន្ដក្រុងថ្មី សម្រាប់ក្រុមគោព្រៃ ក្រោយ Honda មកដឹកនាំ!

នូ មករា August 27, 2018


ភ្នំពេញ៖ បន្ទាប់ពីបានប្រកាស លោក Keisuke Honda ជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា និងជាគ្រូបង្វឹកមិនផ្ទាល់ផងនោះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានបង្ហាញនូវការរចនាថ្មីរបស់រថយន្ដក្រុង សម្រាប់ក្រុមរហស្សនាមគោព្រៃកម្ពុជា ធ្វើដំណើរចូលរួមកម្មវិធីក្នុងស្រុកផ្សេងៗ ។ នេះបើតាមការជូនដំណឹងលើទំព័រហ្វេសប៊ុកផ្លូវការរបស់សហព័ន្ធ ។
ការបង្ហាញនូវគំរូរចនាម៉ូដថ្មី នៃរថយន្ដក្រុងក្រុមគោព្រៃកម្ពុជានេះ គឺធ្វើឡើងស្របពេលក្រុមជម្រើសជាតិ ទើបធ្វើការផ្លាស់ប្ដូរក្បាលម៉ាស៊ីន ដោយតែងតាំងអតីតកីឡាករជម្រើសជាតិជប៉ុនលោក Honda ជាអ្នកចាត់ទូទៅក្រុម និងលោក Felix Agustin Gonzalez Dalmas គឺជាគ្រូបង្វឹកផ្ទាល់ ។ យ៉ាងណាមិញសហព័ន្ធ មិនបានបញ្ជាក់ថា មធ្យោបាយធ្វើដំណើរថ្មីរបស់ក្រុមជម្រើសជាតិនេះ នឹងដាក់ប្រើប្រាស់ពេលណានោះទេ ។
គួរបញ្ជាក់ដែរថា ខណៈពេលនេះគ្រូបង្វឹកថ្មីលោក Felix បាននឹងកំពុងសម្លឹងរកកីឡាករឆ្នើមៗ តាមបណ្ដាក្លឹប នៃលីគកំពូលកម្ពុជា ដើម្បីការកោះហៅ និងប្រមូលផ្ដុំហ្វឹកហាត់ ត្រៀមការប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី នាថ្ងៃទី១០ ខែកញ្ញាខាងមុខ ដោយបុរសជនជាតិអាហ្សង់ទីនរូបនេះ គ្រោងបើកយុទ្ធនាការហ្វឹកហាត់ នាថ្ងៃទី០៣ ខែកញ្ញា ហើយតាមគម្រោងពួកគេក៏នឹងធ្វើការហ្វឹកហាត់តាមរយៈ Video Conference ជាមួយកីឡាករអន្ដរជាតិ Keisuke Honda ផងដែរ ៕
អត្ថបទ៖ បុត្រា

មតិយោបល់