សមាជិក U19 កម្ពុជា ៣រូបចេញទៅជប៉ុនស្ងាត់ៗ!

នូ មករា August 27, 2018


ភ្នំពេញ៖ សមាជិកដ៏សំខាន់របស់ក្រុមជម្រើសជាតិយុវជនកម្ពុជា និងសាលាបាល់ទាត់ជាតិបាទីក្រោមអាយុ ១៩ឆ្នាំចំនួន ៣នាក់ រួមមានកីឡាករ សៀង ចន្ធា, ហ៊ុល គឹមហ៊ុយ និង ទៀត គឹមហេង បានចាកចេញពីប្រទេសកម្ពុជា ទៅប្រទេសជប៉ុនកាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញ  ប៉ុន្ដែមិនត្រូវបានទម្លាយឲ្យដឹងថា ពួកគេទៅទីនោះដើម្បីអ្វីឡើយ ។

ការធ្វើដំណើរទៅជាន់ទឹកដីដ៏រីកចម្រើនផ្នែកកីឡាបាល់ទាត់ប្រចាំទ្វីបនេះ ហាក់មានការលាក់បាំង និងស្ងប់ស្ងាត់មែនទែន ក្នុងនាមជាមួយក្រុមជម្រើសជាតិយុវជនកម្ពុជា ផ្ទុយពីការធ្វើដំណើរទៅក្រៅស្រុកលក្ខណៈជាក្រុម ដែលមានការផ្សព្វផ្សាយពីស្ថាប័នអាណាព្យាបាលរបស់ពួកគេ ពិសេសគឺសហព័ន្ធកីឡាបាល់ទាត់កម្ពុជាផ្ទាល់តែម្ដង ។ យ៉ាងណាមិញក្នុងរូបភាពដែលត្រូវបានបង្ហោះដោយសាមីខ្លួនទាំង ៣នាក់ គេក៏ឃើញមានការជូនដំណើរពីមន្ដ្រីសហព័ន្ធផងដែរ ។

ប៉ុន្ដែបើតាមប្រភពស្និទ្ធស្នាលនឹងកីឡាករម្នាក់ ក្នុងចំណោមអ្នកទាំង ៣ ខាងលើ បានលួចបង្ហើបថា ការធ្វើដំណើរទៅជប៉ុនរបស់ សៀង ចន្ធា, ហ៊ុល គឹមហ៊ុយ និង ទៀត គឹមហេង គឺដើម្បីចូលរួមហ្វឹកហាត់លក្ខណៈទស្សនកិច្ចមួយរយៈពេលខ្លីជាមួយក្លឹបមួយនៅជប៉ុន បន្ទាប់ពីទទួលបានការណែនាំពីអតីតគ្រូបង្វឹករបស់ពួកគេដែលធ្លាប់មកបង្ហាត់ក្រុមសាលាបាល់ទាត់ជាតិបាទី ប៉ុន្ដែគេមិនបានបង្ហើបឈ្មោះគ្រូបង្វឹកនោះ ឬក្លឹបដែលពួកគេត្រូវចូលរួមនោះឡើយ ។

យ៉ាងណាក៏ដោយ បើគិតពីឆ្នាំ២០១៤ គ្រូជប៉ុន ដែលមកបង្ហាត់ក្រុមយុវជនបាទី គឺមាន ៣នាក់ រួមមានលោក Yusuke Iki, លោក Inoue Kazunori និងគ្រូបច្ចុប្បន្នលោក Musashi Mizushima ។ ចំពោះរឿងរ៉ាវនេះក្រុមការងារយើងខ្ញុំ នឹងព្យាយាមទាក់ទងមន្ដ្រីសហព័ន្ធ ក៏ដូចជាសាមីខ្លួនផ្ទាល់ ដើម្បីស្វែងរកមូលហេតុពិតប្រាកដ ដែលជំរុញឲ្យពួកគេទទួលបានឱកាសទៅហ្វឹកហាត់រយៈពេលខ្លីនៅជប៉ុនលើកនេះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់