ប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចហេង សំរិន ចាប់ផ្តើមជាផ្លូវការហើយ!

នូ មករា August 27, 2018


ភ្នំពេញ: ការប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន លើកទី២ឆ្នាំ២០១៨ បានបើកការប្រកួតជាផ្លូវការហើយ ។ លោក វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានអញ្ជើញចូលរួមក្នុងពិធីបើកការប្រកួតនេះផងដែរ ។

ក្នុងព្រឹត្តិការណ៍នេះមានក្រុមបាល់ទាត់ចំនួន ២១ចូលរួមហើយបែងចែកជា៤ពូលដែលពូលA, ពូល B និងពូល D មាន៥ក្រុម ចំពោះពូលC មាន ៦ក្រុម ។ ក្រុមនីមួយៗអនុញ្ញាតឲ្យមានក្រុមកីឡាករអាជីពដែលកំពុងលេងក្នុងលីគកំពូល២រូប និងលេងក្នុងលីគ ២ ចំនួន២រូបចូលលេង ។ ការអនុញ្ញាតឲ្យដាក់កីឡាករអាជីពបែបនេះគឺដើម្បីឲ្យកីឡាករអាជីពទាំងនោះជួយផ្ដល់នូវបទពិសោធន៍ដល់កីឡាករថ្មីៗដែលមានវ័យក្មេង ។

ការប្រកួតបានចាប់ផ្ដើមពីថ្ងៃទី២៦ ខែសីហាទៅហើយតាមការគ្រោងទុកនឹងបញ្ចប់នៅថ្ងៃទី២០ ខែតុលាឆ្នាំ២០១៨ ខាងមុខនេះ ។ សូមបញ្ជាក់ថាជាមួយនឹងការចូលរួមជាអធិបតីក្នុងការបើកការប្រកួតនេះ លោក វង សូត្រ បានជួយឧបត្ថម្ភដល់ព្រឹត្តិការណ៍នេះចំនួន២០លានរៀល ។ នៅថ្ងៃសម្ពោធបើកកម្មវិធីនេះដែរក៏មានការប្រកួតចំនួន២ដែរគឺពូលA និងពូល C ។ សម្រាប់ពូលAក្រុម TN កណ្ដាល FC ប្រកួតស្មើជាមួយក្រុមសម្ព័ន្ធគ.ស.ន.ប.ក ក្នុងលទ្ធផល ១ ទល់ ១ ។ ចំពោះពូល C វិញក្រុមពិស្ណុការបានប្រកួតឈ្នះក្រុមព្រះខ័នរាជស្វាយរៀង ៣ ទល់២ ។

សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍នេះអ្នកដែលមានកំហុសពិន័យដោយកាតក្រហមត្រូវបង់ប្រាក់ ៤០.០០០រៀល  កាតលឿង ២០.០០០រៀល ចំណែកក្រុមបានចំណាត់ថ្នាក់លេខ១ ទទួលបានរង្វាន់៣២លានរៀល  លេខ ២បាន២០លានរៀល និងលេខ៣ បាន១៤លានរៀល ។ ចំពោះរង្វាន់ដទៃទៀតនោះរួមមានអ្នកចាំទីល្អបាន២លានរៀល  អ្នកទាត់បាល់បញ្ចូលទីច្រើនជាងគេបាន២លានរៀល ចំពោះក្រុម Fair-Play បានរង្វាន់៦លានរៀលផងដែរ ៕

អត្ថបទ: វ៉ាន្នី

មតិយោបល់