លីគកំពូលកម្ពុជា៖ ណាហ្គា និងភ្នំពេញក្រោនបន្ថែម ៣ពិន្ទុ ឯវិសាខា វាយបកស្មើទ័ព ២-២

នូ មករា August 26, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់ណាហ្គាវើល និងភ្នំពេញក្រោន បានយកឈ្នះគូប្រជែងរៀងៗខ្លួន ក្នុងជំនួបជើងទី២ នៃលីគកំពូលកម្ពុជា សប្ដាហ៍ទី១៩ ស្របពេលបេក្ខភាពប្រជែងតំណែងជើងឯកវិសាខា និងក្រសួងការពារជាតិ(ទ័ព) បានត្រឹមចែកគ្នា ១ពិន្ទុម្នាក់ប៉ុណ្ណោះ ក្រោយប្រកួត ៩០នាទីស្មើគ្នា ២-២ កាលពីម្សិលមិញ ។

សម្រាប់ក្រុមណាហ្គាវើល បានពង្រឹងកៅអីកំពូលតារាងកាន់តែរឹងមាំ ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះសូលទីឡូអង្គរ ២-០ នៅកីឡដ្ឋានខេត្តសៀមរាប ។ គ្រាប់បាល់ជ័យជម្នះរបស់ណាហ្គាវើល ធ្វើសម្រេចដោយកីឡាករ Bisan Grorge តែម្នាក់គត់ នៅនាទី៦៥ និងនាទី៦៦ បន្ទាប់ពីខ្សែការពាររបស់ក្រុមម្ចាស់ផ្ទះមានការធ្វេសប្រហែស ។ ជាបណ្ដោះអាសន្នណាហ្គាវើល ឈរកំពូលតារាងមាន ៤៧ពិន្ទុ ជាមួយលទ្ធផល ១៩ប្រកួតឈ្នះ១៥ ស្មើ២ និងចាញ់ ២ ។

ចំណែកក្រុមភ្នំពេញក្រោន បានបន្ដយកឈ្នះក្រុមម្ចាស់ផ្ទះប៉ូលិស ដោយលទ្ធផល ១-០ នៅលើទីលានពហុកីឡដ្ឋានជាតិ បន្ទាប់ពីយកឈ្នះក្នុងដី ៤-០ កាលពីជើងទី១ ។ រីឯគ្រាប់បាល់ជ័យជម្នះរបស់អតីតក្រុមជើងឯក ៦សម័យកាលនេះ គឺរកបានដោយកីឡាករ ប្រាក់ ធីវ៉ា តាំងពីនាទី១២ ម្លេះ បន្ទាប់មកក្រុមទាំងពីរ បានព្យាយាមដាក់សម្ពាធរៀងៗខ្លួន តែគ្មានឱកាសរកគ្រាប់បាល់វាយបក ឬគ្រាប់បាល់បន្ថែមឡើយ ។ លទ្ធផលនេះ បានធ្វើភ្នំពេញក្រោនបន្ដឈរលេខ៥ មាន ៣០ពិន្ទុ ខណៈក្រុមប៉ូលិស បន្ដឈរលេខ៧ មាន ២៤ពិន្ទុ ។

ដោយឡែកការប្រកួតវាងក្រុមម្ចាស់ផ្ទះក្រសួងការពារជាតិ និងវិសាខា នៅកីឡដ្ឋានស្ដាតចាស់ ក្រុមទាំងពីរ បានព្យាយាមវាយបកគ្នាទៅវិញទៅមក ៩០នាទីពេញ ។ ជំនួបដ៏ជក់ចិត្តនេះ គឺក្រសួងការពារជាតិរកបាន ២គ្រាប់មុន ដោយកីឡាករ Na Hyosung នៅនាទី៣៤ និងនាទី៧៣ ។ ប៉ុន្ដែក្រោយម្ចាស់ផ្ទះនាំមុខ វិសាខា បានព្យាយាមវាយបកវិញ រហូតរកបាន ២គ្រាប់ដោយកីឡាករ Cheo Myong Ho នៅនាទី៧៦ និងកីឡាករ Ri Hyok Chol នៅនាទី៧៨ ហើយលទ្ធផលនេះ បានរក្សាដល់ចប់ការប្រកួតពេញម៉ោងតែម្ដង ។

ជាមួយនឹងការចែកគ្នា ១ពិន្ទុម្នាក់នេះ បានធ្វើឲ្យវិសាខា ឡើងឈរលេខ២ បណ្ដោះអាសន្នដោយមាន ៤២ពិន្ទុ ស្មើក្រុមបឹងកេត ខណៈបឹងកេតត្រូវប្រកួតសប្ដាហ៍ទី១៩ ជាមួយក្រុមព្រះខ័នរាជស្វាយរៀងល្ងាចនេះ នៅកីឡដ្ឋានខេត្តស្វាយរៀង ។ រីឯក្រុមក្រសួងការពារជាតិ បានបន្ដឈរលេខ៤ និងមាន ៣៩ពិន្ទុ តែឱកាសប្រជែងជើងឯករបស់ពួកគេ កាន់តែសល់ស្ដួចស្ដើងទៅៗ ព្រោះបើធៀបនឹងពិន្ទុក្រុមកំពូលតារាងបច្ចុប្បន្នខុសគ្នា ៨ពិន្ទុឯណោះ ស្របពេលការប្រកួតសល់ ៣សប្ដាហ៍ទៀត នឹងបញ្ចប់ ៕

អត្ថបទ៖ បុត្រា

មតិយោបល់