លេចឮព័ត៌មានចចាមអារ៉ាមថា ពាន Toyota Mekong Cup ឆ្នាំនេះត្រូវបានលុបចោល?

នូ មករា August 24, 2018


ភ្នំពេញ៖ ស្របពេលការប្រកួតក្របខណ្ឌលីគកំពូល តាមបណ្ដាប្រទេសជាប់ទន្លេមេគង្គ ក្នុងតំបន់អាស៊ានជិតរកឃើញក្រុមជើងឯក រួមទាំងកម្ពុជាផង គេសង្កេតឃើញក្រុមការងារ ក៏ដូចជាគណៈកម្មការរៀបចំពានរង្វាន់ Toyota Mekong Club Championship ហាក់គ្មានសកម្មភាព ឬការផ្សព្វផ្សាយ ដូចសព្វដងឡើយ ដែលបង្កឲ្យមានការងឿងឆ្ងល់ជាច្រើនពីសំណាក់អ្នកគាំទ្រវិស័យបាល់ទាត់ក្នុងតំបន់ ។

ទន្ទឹមជាមួយគ្នា មានប្រភពព័ត៌មានច្បាស់ការណ៍មួយ បានទម្លាយថា តាមពិតពានរង្វាន់បាល់ទាត់ក្របខណ្ឌតំបន់ ដែលរៀបចំដោយក្រុមហ៊ុនឯកជននេះ គឺមិនត្រូវបានរៀបចំ ដូចឆ្នាំមុនៗឡើយ សម្រាប់ឆ្នាំ២០១៨នេះ ប៉ុន្ដែមូលហេតុពិតប្រាកដ ជុំវិញការសម្រេចចិត្តលុបពានចូលរួមដោយក្លឹបជើងខ្លាំង តំណាងប្រទេសជាប់ដងទន្លេមេគង្គក្នុងតំបន់អាស៊ាននេះ មិនត្រូវបានទម្លាយឲ្យដឹងនោះទេ គ្រាន់តែបង្ហើបថា អាចមកពីបញ្ហាហិរញ្ញវត្ថុ ។

យ៉ាងណាមិញព័ត៌មាននេះ នៅមិនទាន់យកជាបានការ ១០០% នោះទេ ព្រោះគណៈកម្មការរៀបចំពានរង្វាន់ Toyota Mekong Club Championship មិនទាន់ធ្វើការប្រកាសពីការរៀបចំ ឬលុបចោលនៅឡើយ ។ ប៉ុន្ដែប្រសិនបើព័ត៌មានខាងលើ គឺជាការពិត មានន័យថា ក្រុមដណ្ដើមបានជើងឯក ក្នុងការប្រកួតលីគកំពូលកម្ពុជា គឺបានត្រឹមសោកស្ដាយ ព្រោះមានឱកាសត្រឹមចូលរួមការប្រកួតពានរង្វាន់ក្លឹបបាល់ទាត់ជើងឯកអាស៊ី AFC Cup 2019 ប៉ុណ្ណោះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់