អុីស្លង់ ជាប្រទេសគំរូមួយសម្រាប់គោលដៅអភិវឌ្ឍន៍វិស័យបាល់ទាត់ ពិសេសកម្ពុជាតែម្តង!

នូ មករា August 15, 2018


សំឡេងអ្នក: អុីស្លង់ (Iceland)  គឺជាប្រទេសដ៏តូចមួយនៅតំបន់អាត្លង់ទិចខាងជើងដែលមានផ្ទៃដីទំហំប្រមាណជា ១០៣,០០០ គីឡូម៉ែត្រការ៉េ និងមានប្រជាជនសរុបជាង ៣សែននាក់ ។ ដែនដីដ៏តូចនៃទ្វីបអឺរ៉ុបនេះមានភាពល្បីល្បាញខ្លាំងក្លាក្រោយពីបានបង្ហាញភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ FIFA  World Cup 2018 ដែលទើបតែបញ្ចប់ទៅកាលពីពេលថ្មីៗនេះដោយក្រុមជម្រើសជាតិអុីស្លង់បានបង្ហាញទម្រង់លេងដ៏ល្អស្ទើរមិនគួរឱ្យជឿ និងបានបំបែកកំណត់ត្រាក្នុងនាមជាប្រទេសដ៏តូចជាងគេដែលបានឡើងទៅកាន់វគ្គ ៣២ក្រុមឬវគ្គចែកពូលនៃការប្រកួតដ៏ធំនេះ ។

ភាពខ្លាំងនេះបានធ្វើឱ្យប្រជាជនអុីស្លង់រីកមុខរីកមាត់ថែមទាំងបានទទួលការកោតសរសើរជុំវិញពិភពលោក ក៏ប៉ុន្តែនៅពីក្រោយភាពល្បីរន្ទឺនេះ ថ្នាក់ដឹកនាំ ក៏ដូចជាប្រជាជន និងក្រុមអត្តពលិកអុីស្លង់បានកំណត់គោលដៅយ៉ាងច្បាស់លាស់ជាមួយនឹងផែនការសកម្មភាពឥតឈប់ឈរពោលគឺពួកគេបានចំណាយពេលជាង ១៥ឆ្នាំទម្រាំដើម្បីអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ឱ្យមានភាពរីកចម្រើនឆ្ពោះទៅកាន់កម្រិតប្រកួតប្រជែងក្នុងតំបន់អឺរ៉ុប និងសកលលោក ។ អ្វីដែលគួរកត់សម្គាល់នោះគឺ ប្រទេសនេះបានយកចិត្តទុកដាក់ជាចម្បងលើការបណ្តុះបណ្តាលធនធានកីឡាករ កីឡាការិនី ក៏ដូចជាសមត្ថភាពគ្រូបង្វឹកថែមទៀតផង ជាក់ស្តែងទោះបីមានប្រជាជនត្រឹមតែជាង ៣សែននាក់ ប៉ុន្តែ អុីស្លង់ មានគ្រូបង្វឹកបាល់ទាត់ជំនាញរហូតដល់ទៅជាង ៦០០នាក់ដែលក្នុងចំណោមនោះមាន ៧០ភាគរយកំពុងកាន់សញ្ញាបត្រ UEFA B Licence និង ២៣ភាគរយទៀតកាន់ UEFA A Licence ដូច្នេះជាមធ្យមភាគក្នុងចំណោមប្រជាជន ៥៥០នាក់មាន ម្នាក់ដែលជាគ្រូជំនាញបាល់ទាត់ ខណ:ដែលកីឡាករបាល់ទាត់សរុប ២១៥០០ នាក់ ។

កត្តាទី២ បាល់ទាត់ជាកីឡាដ៏ពេញនិយមមួយនៅក្នុងប្រទេសនេះ ដោយរដ្ឋាភិបាលអុីស្លង់បានចំណាយថវិកាជាតិជាច្រើនដើម្បីជំរុញលើប្រភេទកីឡាមួយនេះពោលគឺទោះបីមានទឹកដីតូច ប្រជាជនតិច ប៉ុន្តែអុីស្លង់មានក្លឹបបាល់ទាត់ដល់ទៅ១១ ដែលមានទីលានផ្ទាល់ខ្លួនអមជាមួយហេដ្ឋារចនាសម្ព័ន្ធប្រកបដោយស្តង់ដារទាំងបរិក្ខាពេទ្យ ក៏ដូចជាកីឡដ្ឋានដែលមានកន្លែងអង្គុយទស្សនាដែលអាចដាក់ទស្សនិកជនបានខ្ទង់ពាន់នាក់ ។ យ៉ាងណាក៏ដោយ បន្ទាប់ពីជួបប្រទះបញ្ហាសេដ្ឋកិច្ចកាលពី ៦ឆ្នាំមុន បានធ្វើឱ្យដំណើរវិវត្តន៍ទាំងនេះហាក់នៅទ្រឹងជាបណ្តោះអាសន្នសិន ប៉ុន្តែពួកគេបានប្តូរគោលដៅទៅក្រៅប្រទេសវិញ ហេតុនេះហើយទើបយើងឃើញថា មានកីឡាករជម្រើសជាតិអុីស្លង់ ១៦នាក់សុទ្ធតែមានបទពិសោធន៍ធ្លាប់លេងនៅលីគកំពូលអង់គ្លេសដែលជាប្រការសំខាន់ក្នុងការនាំមកនូវមេរៀនល្អៗដល់មិត្តរួមក្រុមរបស់ខ្លួន ។

កត្តាទី៣​គឺការចូលរួមយ៉ាងផុសផុលពីសំណាក់ប្រជាជនផ្ទាល់! ក្នុងមនសិកាលើកកម្ពស់កិត្យានុភាពជាតិ យុវជនអុីស្លង់បានចូលរួមផុសផុលក្នុងវិស័យបាល់ទាត់ដោយពួកគេយល់ឃើញថា កីឡាមួយនេះអាចធ្វើឱ្យប្រទេសជាតិកាន់តែល្បីល្បាញថែមទៀត ដូច្នេះហើយទោះបីពួកគេមានមុខរបរ ឬការងារផ្សេងក៏ដោយក៏គេនៅតែបន្តហ្វឹកហាត់ និងប្រកួតប្រជែងជានិច្ច ។ បើយើងមើលទៅលើក្រុមជម្រើសជាតិអុីស្លង់វិញមានសមាជិកដែលសុទ្ធតែមកពីប្រភពខុសៗគ្នា តួយ៉ាងអ្នកចាត់ការទូទៅក្រុម លោក Heimir Hallgrimsson ដែលបានចូលកាន់តំណែងកាលឆ្នាំ២០១៣ មានអាជីពក្រៅម៉ោងមួយទៀតជាគ្រូពេទ្យធ្មេញផងដែរ ចំណែកអ្នកខ្លះទៀត ជាអ្នកនិពន្ធបទចម្រៀង ឬជាអ្នកនេសាទ ឬជាបុគ្គលិកក្រុមហ៊ុនក៏មាន ប៉ុន្តែស្មារតីជាតិនិយមបាននាំឱ្យពួកគេរីករាយនឹងចូលខ្លួនប្រកួតប្រជែងលើទីលានវាលស្មៅដោយមិនរាថយឡើយ ស្របពេលដែលប្រជាជនក៏រួមគ្នាលើកកម្លាំងចិត្តគួរឱ្យស្ញប់ស្ញែងបំផុត ដោយគេបានចាត់ទុកថា ក្រុមជម្រើសជាតិគឺជាបេះដូងរបស់ប្រជាជនគ្រប់ៗរូប ដោយក្រៅពីតាមហ៊ោរគាំទ្រនៅក្រៅស្រុកហើយនោះ ប្រជាជន ៩៨ភាគរយទៀតសុទ្ធតែតាមដានតាមទូរទស្សន៍ ឬតាមអនឡាញរាល់ការប្រកួតសំខាន់ៗរបស់ក្រុមជម្រើសជាតិពួកគេ ។

ចំនុចវិជ្ជមានទាំងនេះហើយដែលបណ្តាប្រទេសនានានៅអាសុីគួរទុកជាគំរូក្នុងការជំរុញវិស័យបាល់ទាត់របស់ខ្លួន ពិសេសកម្ពុជាតែម្តងព្រោះថាកីឡាសកលមួយនេះមិនត្រឹមតែមានប្រជាប្រិយនៅក្នងចំណោមប្រជាជនខ្មែរនោះទេ ប៉ុន្តែវាថែមទាំងអាចប្រើប្រាស់ដើម្បីផ្លាស់ប្តូរជីវិតយុវជនឆ្ពោះទៅកាន់អាជីពមួយនាអនាគត ព្រមទាំងជាធនធានសម្រាប់ជម្រើសជាតិជាដើម ។ សម្រាប់តំបន់អាស៊ានវិញ រាជាណាចក្រថៃគឺជាប្រទេសមួយដែលកំពុងចាប់អារម្មណ៍ និងប្រាថ្នាចង់អនុវត្តតាមមាគ៌ារបស់ប្រទេសអុីស្លង់នេះ ៕

អត្ថបទ: មតិប្រិយមិត្ត

មតិយោបល់