Keisuke Honda កំណត់គោលដៅធំៗ ២ ក្នុងតំណែងអ្នកចាត់ក្រុមក្រុមគោព្រៃកម្ពុជា

នូ មករា August 13, 2018


ភ្នំពេញ៖ ក្រោយកីឡាករអន្ដរជាតិ Keisuke Honda បានស្ម័គ្រចិត្តមកដល់ដឹកនាំក្រុមជម្រើសជាតិកម្ពុជា ដោយមិនយកប្រាក់ខែ ជាមួយកិច្ចសន្យារយៈពេល ២ឆ្នាំ អ្នកគាំទ្របាល់ទាត់កម្ពុជា បានសម្ដែងការស្ងើចសរសើរ និងមោទកភាពជាខ្លាំង ចំពោះការលះបង់របស់អតីតកីឡាករជម្រើសជាតិជប៉ុនរូបនេះ ។ ទន្ទឹមជាមួយគ្នា Honda បានកំណត់គោលដៅធំៗចំនួន ២ ដើម្បីជំរុញវិស័យបាល់ទាត់កម្ពុជា និងធ្វើឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ទៀតផង ។
កីឡាករ ៣២ឆ្នាំរូបនេះ និយាយថា៖ «បេសកកម្មខ្ញុំមកកម្ពុជា គឺមាន ២ ។ ទី១៖ ខ្ញុំចង់បង្កើតស្ទីលលេងរបស់កម្ពុជាមួយឲ្យបានល្អ ដែលផ្ដើមចេញពីសហព័ន្ធ បន្ទាប់មកក្លឹប និងថ្នាលរបស់កម្ពុជា ដើម្បីមានស្ទីលលេងលក្ខណៈស្ដង់ដាររបស់កម្ពុជាមួយ ។ ទី២៖ ខ្ញុំមកកម្ពុជា គោលដៅមិនត្រឹមតែបាល់ទាត់ទេ គឺខ្ញុំចង់ផ្សព្វផ្សាយនូវអ្វីដែលល្អៗរបស់កម្ពុជា ទៅកាន់ពិភពលោក ហើយអ្វីដែលខ្ញុំចាប់អារម្មណ៍ គឺមានច្រើន មិនថាវប្បធម៌ សម្បត្តិបេតិកភណ្ឌពិភពលោក និងផ្នែកកសិកម្មនោះទេ ដែលខ្ញុំត្រូវសិក្សាបន្ថែម» ។ ការលើកឡើងនេះ ស្របពេលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសតែងតាំងលោក Keisuke Honda ជាអ្នកចាត់ការក្រុម និងជាគ្រូបង្គោលថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជា កាលពីម្សិលមិញ ។

សមាជិកក្លឹបជើងឯកលីគកំពូលអូស្ដ្រាលី Melbourne Victory បន្ដថា ការស្ម័គ្រចិត្តមកជួយដល់វិស័យបាល់ទាត់កម្ពុជា គឺជាការសម្រេចនូវក្ដីស្រមៃរបស់ខ្លួន តាមរយៈការចុះកិច្ចសន្យាជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដើម្បីចូលរួមលើកស្ទួយ និងជំរុញការអភិវឌ្ឍន៍វិស័យបាល់ទាត់កម្ពុជាឲ្យមានការរីកចម្រើន ។ កីឡាករទើបប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិជប៉ុន ក្រោយចប់ World Cup 2018 នៅរុស្ស៊ីរូបនេះ បានបន្ដថា៖ «ខ្ញុំយល់ថា កម្ពុជា និងជប៉ុន សុទ្ធតែត្រូវការបន្ថែមការអភិវឌ្ឍន៍ដូចគ្នា ទាក់ទងនឹងសមត្ថភាពកីឡាករ ព្រោះខ្ញុំធ្លាប់មានបទពិសោធន៍នៅអឺរ៉ុប គេមានកីឡាករល្អៗជាច្រើន ។ តែខ្ញុំភ្ញាក់ផ្អើលពេលមកដល់កម្ពុជា ព្រោះកម្ពុជាមានកីឡាករក្មេងៗច្រើន ហើយខ្ញុំសង្ឃឹមថា ក្លឹបនីមួយៗនឹងបង្កើតថ្នាលយុវជនកាន់តែច្រើន ដើម្បីអភិវឌ្ឍន៍វិស័យបាល់ទាត់កម្ពុជា និងចម្រាញ់បាននូវធនធានកីឡាករជម្រើសជាតិដ៏ល្អមួយក្រុម» ។

គួរបញ្ជាក់ថា Keisuke Honda ត្រូវបានឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រកាសតែងតាំងជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិ អមដោយតំណែងគ្រូបង្គោលផងដែរ ក្នុងកិច្ចសន្យារយៈពេល ២ឆ្នាំ កាលពីម្សិលមិញ តែអ្វីដែលឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល គឺលោក Honda មកកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យបាល់ទាត់កម្ពុជាដោយស្ម័គ្រចិត្ត ពុំមានការយកប្រាក់ខែនោះទេ គ្រាដែលសហព័ន្ធបានត្រៀមនូវរាល់ការចំណាយ ការធ្វើដំណើរ ការស្នាក់នៅ និងធ្វើការងារក្នុងស្រុកដល់រូបគេ ទៅតាមនិយាមសហព័ន្ធអន្ដរជាតិ ៕
អត្ថបទ៖ បុត្រា

មតិយោបល់