ណាហ្គាបានត្រឹមខកចិត្ត ក្រោយបឹងកេត យកឈ្នះវិសាខា ១-០

នូ មករា August 13, 2018


ភ្នំពេញ៖ ទីបំផុតក្រុមបឹងកេតអែហ្វស៊ី បានការពារកៅអីកំពូលតារាង នៃលីគកំពូលកម្ពុជា សប្ដាហ៍ទី១៧ ដោយជោគជ័យ ក្រោយយកឈ្នះក្រុមវិសាខា ១-០ ទាំងព្រលឹងចុងសក់ ។ ជ័យជម្នះនេះ បានធ្វើឲ្យក្រុមណាហ្គាវើលបានត្រឹមសោកស្ដាយ ដែលមិនអាចឆក់ឱកាសដណ្ដើមកៅអីកំពូលតារាងរបស់បឹងកេតបាន បន្ទាប់ពីពួកគេ បានយកឈ្នះក្រុមវេស្ទើន ៣-០ កាលពីម្សិលមិញ ។

 

ជំនួបរវាងក្រុមបឹងកេត និងវិសាខា បានបញ្ចប់ដោយភាពតានតឹងបំផុត ពិសេសគឺក្រុមវិសាខា ដែលគ្រប់គ្រងបាល់ និងបង្កើតឱកាសទាត់បញ្ចូលទីជាច្រើន តែធ្វើមិនបានសម្រេច ។ ផ្ទុយពីក្រុមបឹងកេត ទោះមានឱកាសតិចជាងក្ដី ប៉ុន្ដែចុងក្រោយពួកគេ បានបញ្ចប់ក្ដីសង្ឃឹមរបស់វិសាខា ដោយការតែតបាល់បញ្ចូលទី នៅនាទី៨៣ របស់កីឡាករ Mizuo ដើម្បីជួយឲ្យបឹងកេតបន្ដឈរកំពូលតារាងមាន ៤២ពិន្ទុ ។ រីឯក្រុមវិសាខា បានបន្ដឈរលេខ៣ និងរក្សា ៣៨ពិន្ទុក្នុងដៃ ។ ប៉ុន្ដែតាមរយៈការប្រកួតខាងលើ បឹងកេតស្ទើរតែរបូតកៅកីកំពូលតារាង បើសិនពួកគេមិនអាចបំបែកពងមាន់ក្រុមវិសាខាបាន ច្បាស់ណាស់កៅអីពួកគេ នឹងធ្លាក់ទៅកណ្ដាប់ដៃក្រុមណាហ្គាវើល ដែលបានយកឈ្នះក្រុមវេស្ទើន ៣-០ កាលពីថ្ងៃសៅរ៍មាន ៤១ពិន្ទុ ។
ដូច្នេះជាបណ្ដោះអាសន្នគូប្រជែងដ៏សំខាន់ សម្រាប់កៅអីកំពូលតារាងពិន្ទុ នៃលីគកំពូលកម្ពុជា សប្ដាហ៍បន្ទាប់ គឺក្រុមបឹងកេត និងក្រុមណាហ្គាវើលនេះឯង ដែលមានពិន្ទុខុសគ្នាត្រឹមតែ ១ពិន្ទុ ។ តែយ៉ាងណាវិសាខា និងក្រសួងការពារជាតិ ក៏មិនទាន់អស់ឱកាសដែរ ។
ដោយឡែកលទ្ធផល ៤ប្រកួតផ្សេងទៀត ក្នុងសប្ដាហ៍ទី១៧ រួមមានក្រុមភ្នំពេញក្រោន លត់ក្រុមម្ចាស់ផ្ទះអគ្គិសនីកម្ពុជា ដោយលទ្ធផល ៤-០ ដើម្បីពង្រឹងកៅអីលេខ៥ មាន ២៧ពិន្ទុ, ក្រុមក្រសួងការពារជាតិ ប្រកួតស្មើក្រុមម្ចាស់ផ្ទះសូលទីឡូអង្គរ ២-២ តែបានរក្សាកៅអីលេខ៤ មាន ៣៥ពិន្ទុ, ក្រុមអង្គរថាយហ្គឺរ បានសងសឹកក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិបានវិញ ក្នុងលទ្ធផល ៣-១ បន្ទាប់ពីចាញ់ក្រៅដី ២-១ និងក្រុមអាស៊ីអឺរ៉ុប បានយកឈ្នះក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ៦-១ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់