គ្រូបឹងកេត បារម្ភពីកីឡាករ ជាងខ្លួនឯងអវត្តមាន ក្នុងជំនួបវិសាខាចុងសប្ដាហ៍នេះ

នូ មករា August 10, 2018


ភ្នំពេញ៖ លោក ហៅ សុជាតិ គ្រូបង្វឹកក្រុមបឹងកេតអែហ្វស៊ី នឹងបន្ដអនុវត្តមានដឹកនាំក្រុមក្នុងការប្រកួតលីគគំពូលកម្ពុជា សប្ដាហ៍ទី១៧ ស្របពេលបឹងកេត ត្រូវជួបក្រុមខ្លាំងវិសាខា ដើម្បីរក្សាកៅអីកំពូលតារាងរបស់ខ្លួន ។ ប៉ុន្ដែការអវត្តមាននេះ លោកមិនបារម្ភនោះទេ ផ្ទុយទៅវិញ លោកបានសម្ដែងនូវការព្រួយបារម្ភខ្លាំង ចំពោះបញ្ហាកីឡាកររបស់ខ្លួន ។
  
គ្រូបង្វឹករូបនេះ បាននិយាយថា៖ «ចំពោះការអវត្តមានរបស់ខ្ញុំ ខ្ញុំអត់មានក្ដីបារម្ភទេ ព្រោះខ្ញុំទុកចិត្តលើក្រុមការងារជាមួយគ្នា ពួកគាត់អាចធ្វើបាន ។ តែក្ដីបារម្ភរបស់ខ្ញុំ គឺកីឡាករ តើពួកគេអាចធ្វើបានល្អអត់ពេលប្រកួត? កីឡាករយើងរបួស ដូចជា ចាន់ វឌ្ឍនាកា និង Gbenga ជាដើម ចឹងវាជាបញ្ហាខ្លាំងក្នុងការរៀបចំក្រុមឲ្យបានល្អ ។ តែយ៉ាងណាលោកជឿជាក់សមាជិកទាំងអស់ នឹងព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីការពារកៅអីកំពូលតារាង» ។
គួរបញ្ជាក់ថា បឹងកេត និងវិសាខា នឹងត្រូវជួបគ្នាលើទីលានពហុកីឡដ្ឋានជាតិ ហើយក៏ជាគូឯកប្រចាំសប្ដាហ៍ផងដែរ ព្រោះវាជាការប្រកួតដ៏សំខាន់ ពោលគឺបើសិនបឹងកេត ភ្លាត់ស្មើ ឬចាញ់ ភាគរយខ្ពស់ពួកគេនឹងរបូតកៅអីកំពូលតារាង គ្រាដែលមានក្រុមខ្លាំងៗចំនួនពីរ ដែលត្រៀមដណ្ដើមកៅអីពីបឹងកេត គឺក្រុមវិសាខា និងក្រុមណាហ្គាវើល ដែលបច្ចុប្បន្នក្រុមទាំងបី មានពិន្ទុខុសគ្នាតែ ១ពិន្ទុប៉ុណ្ណោះ ក្នុងតារាងពិន្ទុបណ្ដោះអាសន្ន គិតត្រឹមសប្ដាហ៍ទី១៦ ។
 
ចំពោះលទ្ធផលកាលពីជើងទី១ គឺបឹងកេត និងវិសាខាបានស្មើគ្នា ១-១ រីឯតារាងពិន្ទុបណ្ដោះអាសន្នវិញ បច្ចុប្បន្នបឹងកេតឈរកំពូលតារាងមាន ៣៩ពិន្ទុ ជាមួយលទ្ធផល ១៦ប្រកួតឈ្នះ១២ ស្មើ៣ និងចាញ់១ ស្របពេលក្រុមណាហ្គាវើល និងវិសាខា ដេញតាមពីក្រោយមាន ៣៨ពិន្ទុ ក្រោយឆ្លងកាត់ ១៦ប្រកួតឈ្នះ១២ ស្មើ២ និងចាញ់ ២ប្រកួតដូចគ្នា ។ រីឯក្រុមក្រសួងការពារជាតិឈរលេខ៤ មាន ៣៤ពិន្ទុ ខណៈក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមភ្នំពេញក្រោនមាន ២៤ពិន្ទុស្មើគ្នា ៕
អត្ថបទ៖ បុត្រា

មតិយោបល់