កម្ពុជា ថៃ និងកូរ៉េ ណាត់គ្នាប្រកួតមិត្តភាពអបអរខួប ៨ឆ្នាំរបស់ក្រុមបាល់ទាត់កម្ពុជា-អាស៊ាន

នូ មករា August 10, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់វ័យចំណាស់ ៥ក្រុមមកពី ៣ប្រទេស គឺមានកម្ពុជា ថៃ និងសាធារណៈរដ្ឋកូរ៉េ បានណាត់គ្នាធ្វើការប្រកួតដណ្ដើមពានរង្វាន់លក្ខណៈមិត្តភាពអន្ដរជាតិមួយ ដើម្បីអបអរសាទរខួប ៨ឆ្នាំ នៃការបង្កើតក្លឹបកីឡាបាល់ទាត់កម្ពុជា-អាស៊ាន ។ កម្មវិធីនេះ គឺរៀបចំដោយក្លឹបកីឡាបាល់ទាត់កម្ពុជា-អាស៊ានផ្ទាល់តែម្ដង ដោយមានការចូលរួមពីលោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។
   
លោក ស៊ាន បូរ៉ាត បានមានប្រសាសន៍ថា រយៈពេល ៨ឆ្នាំកន្លងមក ក្រុមបាល់ទាត់កម្ពុជា-អាស៊ាន បានសម្រេចគោលដៅជាច្រើនក្នុងវិស័យកីឡា ដែលជាការរឹតចំណងការទូតមិត្តភាពឥតព្រំដែន តាមរយៈការប្រកួតមិត្តភាពជាតិ និងអន្ដរជាតិ ជាមួយបណ្ដាលក្រុមបាល់ទាត់វ័យចាស់ប្រទេសផ្សេងៗ ទាំងអាស៊ី និងអឺរ៉ុបទៀតផង ។ លោកបានចាត់ទុកនេះគឺជាសមិទ្ធិផលដ៏ល្អប្រសើរ ពិសេសគឺការបំផុសយុវជនឲ្យចូលរួមលេងកីឡា និងផ្ដល់នូវភាពជាគំរូដល់ពួកគេផងដែរ ។
 
ក្រឡេកមកចាប់អារម្មណ៍ការប្រកួត ដែលគ្រោងរៀបចំរយៈពេល ១ថ្ងៃពេញ នៅពហុកីឡដ្ឋានជាតិ នាថ្ងៃទី១០ ខែសីហានេះវិញ លោកបានបញ្ជាក់ថា ទោះបីការប្រកួតត្រូវការឈ្នះ-ចាញ់ តែការរឹតចំណងមិត្តភាព គឺជាកត្ដាសំខាន់បំផុត ដែលក្រុមនីមួយៗ ត្រូវគិតគូ ។ ហេតុនេះលោកបានជំរុញឲ្យកីឡាករម្នាក់ៗ លេងប្រកបដោយ Fair-Play ដើម្បីបង្ហាញពីក្ដីស្រលាញ់ និងការរឹតចំណងមិត្តភាព ។ ពិសេសគឺលោកបានប្រកាសនឹងផ្ដល់ចំណាត់ថ្នាក់លេខ១ ដល់គ្រប់ក្រុមចូលរួម ដោយគ្មានការបែងចែកចំណាត់ថ្នាក់ឡើយ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់