ក្រុម U12 ភ្នំពេញក្រោន ចូលរួមប្រកួតពានមួយនៅចិនក្នុងនាមតំណាងប្រទេសកម្ពុជា

នូ មករា August 10, 2018


ភ្នំពេញ៖ យោងតាមការប្រកាសរបស់អគ្គនាយកដ្ឋានកីឡា បានឱ្យដឹងថា ក្រុមថ្នាលយុវជនភ្នំពេញក្រោនអាយុក្រោម ១២ឆ្នាំនឹងចូលរួមក្នុងការប្រកួត Soong Ching Ling Cup, China-ASEAN Youth Football Friendly Matches ដែលជាព្រឹត្តិការណ៍ប្រកួតមិត្តភាពយុវជនអាស៊ាន-ចិន និងត្រូវបានរៀបចំដោយមជ្ឈមណ្ឌលអាស៊ាន-ចិន (ASEAN-China Center) នៃប្រទេសចិន ហើយកម្មវិធីនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែសីហា ខាងមុខ ។

កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ម្សិលមិញនេះ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា តំណាងឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យក្រុមប្រតិភូកីឡាបាល់ទាត់កម្ពុជា U12 ភ្នំពេញក្រោន ចូលជួបសំណេះសំណាលមុនពេលចេញទៅចូលរួមប្រកួត ដោយឯកឧត្តមបានថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្លឹប និងគ្រូបង្វឹកដែលបានរៀបចំក្រុមហាត់ហ្វឹកហ្វឺនក្នុងការចូលរួមប្រកួតដែលឆ្នាំនេះគឺជាលើកទី៣ ហើយការចូលរួមប្រកួតនាពេលនេះគឺដើម្បីពង្រឹងទំនាក់ទំនងកម្ពុជា-ចិន នឹងក៏ជាឱកាសមួយល្អសម្រាប់ក្មួយៗបានបង្ហាញពីសមត្ថភាពផ្ទាល់ខ្លួន ដកស្រង់យកបទពិសោធន៍ និងកសាងមិត្តភាពជាមួយកីឡាករនៃប្រទេសចូលរួមផ្សេងៗទៀត។

សូមបញ្ជាក់ផងដែរថា ក្នុងបេសកកម្មនេះក្រុមកីឡាករអាយុក្រោម១២ឆ្នាំរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងដឹកនាំដោយអ្នកគ្រូ បុិ ផល្លី ជាគ្រូបង្វឹក អមដោយលោក ម៉ក ភារុន ជាជំនួយការគ្រូបង្វឹក ដោយពួកគេនឹងធ្វើដំណើរនាថ្ងៃសៅរ៍ ទី១១ស្អែកនេះនៅវេលាម៉ោង៨ ព្រឹក ។ នេះក៏ជាលើកទីបីហើយរបស់ក្រុមកីឡាករអាយុក្រោម១២ឆ្នាំរបស់កម្ពុជាដែលបានចូលរួមក្នុងកម្មវិធីនេះហើយសម្រាប់ឆ្នាំមុនវិញក្រុមកីឡាករនៃប្រទេសកម្ពុជារបស់យើងទទួលបានពានរង្វាន់ Fair Play ផងដែរ ៕

អត្ថបទ៖ មករា

មតិយោបល់