បែកធ្លាយតម្លៃផ្ទេរ ច្រឹង ពលរដ្ឋ ទៅ Buriram ក្រោយចំនួនប្រាក់ខែត្រូវបានទម្លាយ!

នូ មករា August 9, 2018


ភ្នំពេញ៖ បន្ទាប់ពីក្លឹប Buriram United ប្រកាសនាំយកកីឡាករ ច្រឹង ពលរដ្ឋ ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹបក្រសួងការពារជាតិផ្លូវការ អ្នកចាត់ការទូទៅក្រុមជើងឯកលីគកំពូលកម្ពុជា ២ជំនាន់លោក ខូវ ឆាយ បានទម្លាយប្រាក់ខែសម្រាប់ ពលរដ្ឋ ដែលត្រូវទទួលបានក្នុងការលេងឲ្យក្លឹបយក្សថៃនេះ គឺប្រមាណជាង ៥,០០០ដុល្លារ ក្នុងមួយខែ អមដោយរថយន្ដប្រើប្រាស់ ១គ្រឿង និងខុនដូសម្រាប់ស្នាក់នៅទៀតផង ។ ទន្ទឹមនឹងការទម្លាយប្រាក់ពលកម្មរបស់ ច្រឹង ពលរដ្ឋ នេះដែរ ស្រាប់តែបែកធ្លាយព័ត៌មានដ៏រសើបមួយទៀត ពីប្រទេសថៃថា ពលរដ្ឋ មិនត្រឹមទទួលបានប្រាក់ខែដ៏សមរម្យនោះទេ សូម្បីតម្លៃផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើងនេះ ក៏មិនធម្មតាដែរ ។
បើតាមការលួចបង្ហើបរបស់ប្រភពព័ត៌មានពីប្រទេសថៃបានអះអាងថា ការនាំយកខ្សែបម្រើ-ការពារទៅលេងលើទឹកដីថៃ Buriram បានចំណាយទឹកប្រាក់ប្រមាណ ៥០,០០០ដុល្លារឯណោះដល់ក្រុមក្រសួងការពារជាតិ ខណៈដែលរូបគេត្រូវបានខ្ចីជើងជាផ្លូវការរយៈពេល ២ឆ្នាំ។ បើតាមការបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកមួយ លោក ខូវ ឆាយ មិនបានបញ្ជាក់ពីតម្លៃផ្ទេរនោះទេ ដោយលោកគ្រាន់តែសង្កត់ធ្ងន់លើការផ្ដល់ឱកាសដល់កីឡាករវ័យ ២១ឆ្នាំរូបនេះ បានដកស្រង់បទពិសោធន៍ថ្មី និងអភិវឌ្ឍន៍សមត្ថភាពឲ្យកាន់តែល្អប្រសើរ ជាមួយក្លឹបលីគកំពូលថៃ ។ យ៉ាងណាក៏ដោយ មុនសម្រេចចិត្តព្រមព្រៀងផ្ទេរកីឡាករ ច្រឹង ពលរដ្ឋ ភាគីក្លឹបទាំងពីរ ក៏បានប្រើពេលជាង ៣ខែ ដើម្បីចរចាផងដែរ ហើយតាមគម្រោង បើសិន ពលរដ្ឋ បង្ហាញទម្រង់លេងបានល្អ Buriram អាចនឹងជះលុយបន្ថែមដើម្បីទិញយករូបគេតែម្ដង ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់