ច្រឹង ពលរដ្ឋ ធ្លាប់បង្កើតកំណត់ត្រាដំបូងគេបង្អស់មួយក្នុងប្រវត្តិសាស្ត្រពាន AFF Suzuki Cup!

នូ មករា August 9, 2018


ភ្នំពេញ៖ ព័ត៌មាននៃការចូលរួមរបស់កីឡាករកម្ពុជា ច្រឹង ពលរដ្ឋ ជាមួយក្លឹបដ៏ធំ និងជោគជ័យជាងគេមួយនៅក្នុងប្រទេសថៃគឺ Buriram United កំពុងក្លាយជាប្រធានបទក្តៅមួយសម្រាប់មជ្ឈដ្ឋានវិស័យកីឡាបាល់ទាត់កម្ពុជា ខណៈដែលរូបគេបានស្ថិតនៅក្រៅទីលានប្រកួតជាច្រើនខែមកហើយដោយសារតែញាុំញីដោយរបួស ។ ថ្ងៃនេះដែរ CAMSPORTS សូមអនុញ្ញាត្តរំលឹកឡើងវិញ នូវកំណត់ត្រាមួយដែលខ្សែបម្រើ-ការពាររូបនេះបានបង្កើតឡើងនៅក្នុងព្រឹត្តិការណ៍ AFF Suzuki Cup 2016 ជាឆ្នាំដែល ពលរដ្ឋ ទទួលការចាប់អារម្មណ៍ជាខ្លាំងក្រោយពីទាត់បាល់បំផ្លោងសំណាញ់ទីក្រុមជម្រើសជាតិវៀតណាមបានយ៉ាងល្អបំផុតកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយថែមទាំងត្រូវបានចារឹកថាជាការទាត់បញ្ចូលទីដ៏អស្ចារ្យក្នុងព្រឹត្តិការណ៍ AFF Suzuki Cup ផងដែរនោះ ។

អ្វីដែលពិសេសនោះគឺ កីឡាកររូបនេះបានបង្កើតកំណត់ត្រាថ្មីមួយនៅក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដ៏ធំជាងគេនៅក្នុងតំបន់អាស៊ាន ក្នុងនាមជាកីឡាករវ័យក្មេងដែលបានចាប់កំណើតក្រោយការបង្កើតព្រឹត្តិការណ៍ AFF Suzuki Cup  ប៉ុន្តែអាចរកគ្រាប់បាល់បានក្នុងការបង្ហាញខ្លួនជាលើកដំបូង ។ សូមបញ្ជាក់ថា ពាន AFF Suzuki Cup ត្រូវបានបង្កើតជាផ្លូវការនាឆ្នាំ១៩៩៦ (ប្រារព្ធធ្វើជាឡើងដំបូងពីថ្ងៃទី ១-១៥ ខែកញ្ញា ឆ្នាំ១៩៩៦) រីឯកីឡាករ ច្រឹង ពលរដ្ឋ បានចាប់កំណើតនាថ្ងៃទី៧ ខែមេសា ឆ្នាំ១៩៩៧ ។ ដូច្នេះ បើគិតតាមប្រវត្តិប្រកួតជាង ២០ ឆ្នាំកន្លងមកឃើញថា ខ្សែបម្រើវ័យរូបនេះគឺជាអ្នកទាត់បញ្ចូលទីដំបូងគេដែលកើតក្រោយការបង្កើតព្រឹត្តិការណ៍ AFF Suzuki Cup ជាផ្លូវការ ស្របពេលដែលម្ចាស់គ្រាប់បាល់មុនៗសុទ្ធតែមានឆ្នាំកំណើតកើតមុនព្រឹត្តិការណ៍នេះទាំងអស់ ៕

អត្ថបទ៖ មករា

មតិយោបល់