ប្រវត្តិសាស្ដ្រ! ពាន Hun Sen Cup ទាត់បាល់ប៉េណាល់ទីកាត់ក្ដីម្ដង ៣គូយប់មិញ

នូ មករា August 9, 2018


ភ្នំពេញ៖ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup លើកទី១២ បានរកឃើញក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ក្រោយបញ្ចប់ការប្រកួតជើងទី២ នៃវគ្គ ១/៤ផ្ដាច់ព្រ័ត្រកាលពីយប់មិញ រួមមានក្រុមណាហ្គាវើល ក្រសួងការពារជាតិ(ទ័ព) អង្គរថាយហ្គឺរ និងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស) ។ ប៉ុន្ដែមាន ៣ប្រកួតបានបង្កើតកំណត់ត្រាប្រវត្តិសាស្ដ្រថ្មីក្នុងព្រឹត្តិការណ៍នេះ ដែលការប្រកួតបានកាត់សេចក្ដីឈ្នះ-ចាញ់ ដោយកាត់ទាត់បាល់ប៉េណាល់ទី បន្ទាប់ពីប្រើពេលប្រកួត ១២០នាទីដូចគ្នា ។
ចំពោះក្រុមណាហ្គាវើល គឺស្ទើរតែរបូតឱកាស បន្ទាប់ពីបឹងកេតវាយបកយកឈ្នះ ៣-១ ក្នុងជើងទី២ ខណៈជើងទី១ ណាហ្គាវើលឈ្នះ ២-០ ។ ដោយមានគ្រាប់បាល់ស្មើគ្នា ៣-០ បែបនេះ គណៈកម្មការបានសម្រេចបន្ថែមម៉ោង ១៥នាទី ២ដង ដើម្បីទាត់កាត់ក្ដី តែគ្មានការទាត់បញ្ចូលទីគ្នា ទើបឈានដល់ការទាត់បាល់ប៉េណាល់ទី ។ សំណាងល្អអ្នកចាំទី ស៊ូ យ៉ាទី របស់ណាហ្គាវើលចាប់បាន ២គ្រាប់ ដែលរួមចំណែកយ៉ាងសំខាន់ជួយឲ្យក្រុមខ្លួន យកឈ្នះក្រុមលោក ហៅ សុជាតិ ដោយលទ្ធផល ៣-២ ដើម្បីឡើងវគ្គបន្ដ ។

អ្វីដែលពិសេសគឺក្រុមក្រសួងការពារជាតិ ដែលបានវាយបកឈ្នះក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ២-១ វិញ ក្រោយបរាជ័យក្នុងដី ២-១ ដូចគ្នា ។ ក្រុមទាំងពីរ បានឈានដល់ការប្រកួតម៉ោងបន្ថែម ១៥នាទី ២ដងដូចគ្នា តែគ្មានការរកគ្រាប់បាល់បន្ថែមដូចគ្នា បន្ទាប់មកទើបអាជ្ញាកណ្ដាលឲ្យទាត់បាល់ប៉េណាល់ទីកាត់ក្ដី គ្រាដែលក្រុមការពារតំណែងជើងឯក បានត្រឹមសោកស្ដាយ ដែលទាត់ ៥គ្រាប់ភ្លាត់មិនបានសម្រេច ១គ្រាប់ពីកីឡាករ សួន សុវណ្ណ ខណៈក្រសួងការពារជាតិធ្វើបានសម្រេចទាំង ៥គ្រាប់ ដើម្បីយកឈ្នះ ៥-៤ តែម្ដង ។
 
ចំណែកឯក្រុមអង្គរថាយហ្គឺរ មិនខុសពីទ័ពឡើយ កាលពីជើងទី១ ពួកគេបានបរាជ័យក្នុងដី ៣-០ តែយប់មិញពួកគេ បានវាយបកឈ្នះក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ៣-០ វិញក្នុងរយៈពេល ៩០នាទី ដែលធ្វើឲ្យការប្រកួតឈានដល់ម៉ោងបន្ថែម ១៥នាទី ២ដង ក្នុងនោះកីឡាករ ស៊ិន កក្កដា រកបាន ១គ្រាប់នៅនាទី១១០ ដែលស្ទើរតែជួយភ្នំពេញក្រោន បានឡើងវគ្គបន្ដទៅហើយ តែបើជាកីឡាករអង្គរថាយហ្គឺរ ទទួលបានឱកាសទាត់បាល់ពិន័យតាមស្មើ ១-១ ដែលជាហេតុនាំភ្នំពេញក្រោន សោកស្ដាយជាខ្លាំង ក្រោយទាត់បាល់ប៉េណាល់ទីចាញ់អង្គរថាយហ្គឺរ ៤-៣ ។
 
តាមរយៈលទ្ធផល ៣ប្រកួតលើខាននេះដែរ វាគឺជាប្រវត្តិសាស្ដ្រថ្មីមួយ ហើយក៏ជាការប្រកួតដ៏តានតឹងបំផុតផងដែរ ដែលមានការប្រកួតដល់ទៅ ៣គូ ត្រូវបានសម្រេចដោយការទាត់បាល់ប៉េណាល់ទី ក្នុងរយៈពេល ១២រដូវកាលកន្លងទៅ ។ រីឯលទ្ធផល ១ប្រកួតទៀត គឺក្រុមប៉ូលិស បានបន្ដយកឈ្នះក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីក្រោមអាយុ ១៨ឆ្នាំ ដោយលទ្ធផល ៦-១ ក្រោយយកឈ្នះកាលពីជើងទី១ ក្នុងលទ្ធផល ៣-០ ។ ជ័យជម្នះខាងលើ បានធ្វើឲ្យក្រុមទាំង ៤ ដឹកដៃគ្នាឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ តែត្រូវរង់ចាំការចាប់គូប្រកួតនាថ្ងៃច័ន្ទដើមសប្ដាហ៍ក្រោយ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់