ក្រុមអគ្គិសនីកម្ពុជា បន្ដអនុវត្តន៍យុទ្ធសាស្ដ្រ ៥ឆ្នាំក្រោយអស់ឱកាសទាំងពានសម្ដេច និងលីគ

នូ មករា August 8, 2018


ភ្នំពេញ៖ ក្រុមអគ្គិសនីកម្ពុជា(EDC) បានបង្ហាញជំហរយ៉ាងរឹងមាំក្នុងការបន្ដប្រើប្រាស់ធនធានកីឡាករក្នុងស្រុក សម្រាប់ផែនការយុទ្ធសាស្ដ្ររយៈពេលវែងរបស់ខ្លួន បើទោះបីជារដូវកាលនេះ ពួកគេបានអស់ឱកាសដណ្ដើមចំណាត់ថ្នាក់ល្អទាំងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន និងលីគកំពូលកម្ពុជាក៏ដោយ ។ ផ្ទុយទៅវិញ EDC ថែមទាំងមានគម្រោងបង្កើនការអភិវឌ្ឍន៍ផ្នែកយុវជនឲ្យកាន់តែខ្លាំងក្នុងយុទ្ធសាស្ដ្ររយៈពេល ៥ឆ្នាំ ដើម្បីស៊ីហ្គេម នាឆ្នាំ២០២៣ ទៀតផង ។

លោក ប្រាក់ វុទ្ធី គ្រូបង្វឹកក្រុមអគ្គិសនីកម្ពុជា បានលើកឡើងថា សម្រាប់រដូវកានេះ គឺហួសពេលហើយ មិនថាពានសម្ដេចតេជោ ឬលីគទេ តែសំខាន់ EDC ត្រូវការខំប្រឹងបន្ដ ដើម្បីរក្សាបានឲ្យកៅអីលីគកំពូលកម្ពុជា នាឆ្នាំ២០១៩ ។ រីឯឆ្នាំបន្ទាប់ថ្នាក់ដឹកនាំអគ្គិសនីកម្ពុជា នឹងមានផែនការបន្ថែមទៀត តែលោកជឿជាក់ថា នឹងមានការនាំយកកីឡាករបរទេសមកពង្រឹងក្រុមឡើយ ពោលគឺរក្សាជំហរប្រើប្រាស់កីឡាករក្នុងស្រុកដដែល ពិសេសគឺការពង្រឹងផ្នែកយុវជនតែម្ដង ។

អតីតគ្រូបង្វឹក ជួយក្រុមបឹងកេតលើកពានលីគកំពូលកម្ពុជា ឆ្នាំ២០១២ រូបនេះ និយាយថា៖ «ឥលូវនេះយើងងាកមកចាប់អារម្មណ៍យុទ្ធសាស្ដ្រ ៥ឆ្នាំទៅមុខរបស់យើង ដោយផ្ដោតលើការអភិវឌ្ឍន៍យុវជន បានន័យថា យើងអភិវឌ្ឍន៍ពី U17 ទៅ ដែលជាការអភិវឌ្ឍន៍មួយ ឆ្ពោះទៅសម្រេចគោលដៅឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ។ យ៉ាងហោចណាស់មើលសិនក្រុមយើងបានតែម្នាក់ សម្រាប់ក្រុមជម្រើសជាតិ នាកីឡាស៊ីហ្គេម ឆ្នាំ២០២៣ វាគឺជាជោគជ័យរបស់យើងដែរ» ។

ជុំវិញការអភិវឌ្ឍន៍យុវជន បងប្អូនបង្កើតរបស់លោក ប្រាក់ សុវណ្ណារ៉ា រូបនេះ បញ្ជាក់ថា អគ្គិសនីកម្ពុជា នឹងធ្វើការជ្រើសរើសដ៏ផ្ចិតផ្ចង់បំផុត តាំងពីកាយសម្បទា កម្ពស់ មាឌ ពិសេសត្រូវមានទេពកោសល្យល្អ ដើម្បីសម្រេចឲ្យបានផែនការ ៥ឆ្នាំជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ។ លោកថា វាពិបាកបន្ដិច ចំពោះខ្នាតកីឡាករស្រុកខ្មែរ ប៉ុន្តែថ្នាក់ដឹកនាំក្លឹបបានប្ដេជ្ញានឹងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីជំរុញផែនការរបស់ខ្លួនឲ្យទទួលបានផ្លែផ្កាល្អប្រសើរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់