ភ្នំពេញក្រោន ត្រូវការឈ្នះ ដើម្បីអ្នកគាំទ្រ និងធានាកៅអីវគ្គ ១/២ ប៉ះអង្គរថាយហ្គឺរល្ងាចនេះ

នូ មករា August 8, 2018


ភ្នំពេញ៖ ក្រុមភ្នំពេញក្រោន នឹងបើកទ្វារកីឡដ្ឋាន RSN ទទួលក្រុមអង្គរថាយហ្គឺរ នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះក្នុងជំនួបជើងទី២ វគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ខណៈក្រុមម្ចាស់ផ្ទះ បានត្រៀមខ្លួនជាស្រេច ដើម្បីដណ្ដើមជ័យជម្នះលើទឹកដីខ្លួន ក្រោយលត់អង្គរថាយហ្គឺរ ៣-០ ក្រៅដីកាលពីពេលថ្មីៗ ។
  
លោក Sean Sainbury គ្រូបង្វឹកភ្នំពេញក្រោន បានលើកឡើងថា ទោះបីក្រុមខ្លួនបានឈ្នះកាលពីជើងទី១ ក្ដី ប៉ុន្ដែកូនក្រុមមិនអាចធ្វេសប្រហែសបានឡើយ ហើយរឹតតែត្រូវខំប្រឹងឲ្យបានខ្លាំង ដើម្បីអ្នកគាំទ្រ ពិសេសគឺធានាកៅអីឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រតែម្ដង ។ លោកបានបន្តថា៖ «ទោះបីងឈ្នះកាលពីជើងទី១ ដោយលទ្ធផល ៣-០ ក៏ពិតមែន ប៉ុន្តែយើងត្រូវតែខំប្រឹងប្រែងឲ្យបានខ្លាំងដើម្បីឲ្យអ្នកគាំទ្រពេញចិត្តចំពោះការប្រកួតក្នុងដីនេះ…» ។
គួរដឹងថា នេះគឺជាលើកទី៣ ដែលក្រុមទាំងពីរ បានជួបគ្នាក្នុងពានផ្លូវការរៀបចំដោយរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាសម្រាប់ឆ្នាំ២០១៨ នេះ គ្រាដែល ២លើកដំបូង សុទ្ធតែប្រកួតលើទឹកដីកីឡដ្ឋាខេត្តសៀមរាបរបស់ក្រុមអង្គរថាយហ្គឺរ ប៉ុន្តែត្រូវបានភ្នំពេញក្រោនលត់យ៉ាងចាស់ដៃដូចគ្នា ពោលគឺជួបគ្នាលើកទី១ ភ្នំពេញក្រោនឈ្នះ ៥-២ ក្នុងជំនួបជើងទី១ នៃលីគកំពូលកម្ពុជា និងលើកទី២ ភ្នំពេញក្រោនឈ្នះ ៣-០ ក្នុងជំនួបជើងទី១ នៃវគ្គ ១/៤ផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ។
 
បន្ថែមលើគូដ៏ជក់ចិត្តនេះ ក៏មាន ៣ប្រកួតទៀត ត្រូវជួបគ្នាកាត់សេចក្ដីរកក្រុមខ្លាំងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន រដូវកាលទី១២ នេះផងដែរ រួមមានក្រុមបឹងកេត ជួបណាហ្គាវើល នៅពហុកីឡដ្ឋានជាតិ(ជើងទី១ ណាហ្គាវើលឈ្នះ ២-០), ក្រុមព្រះខ័នរាជស្វាយរៀង បើកកីឡដ្ឋានខេត្តទទួលក្រុមក្រសួងការពារជាតិ(ជើងទី១ ព្រះខ័នរាជស្វាយរៀងឈ្នះ ២-១) និងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស) ប៉ះយុវជនសាលាបាល់ទាត់ជាតិបាទីក្រោមអាយុ ១៨ឆ្នាំ(ជើងទី១ ប៉ូលិសឈ្នះ ៣-០) ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់