គ្រូទ័ពថា ចាញ់ស្វាយរៀង ២-១ ជើងទី១ គឺជាលទ្ធផលល្អសម្រាប់ជំនួបជើងទី២ ស្អែកនេះ

នូ មករា August 7, 2018


ភ្នំពេញ៖ លោក ភា សុភ័ក្ដ្រា គ្រូបង្វឹកក្រុមក្រសួងការពារជាតិ(ទ័ព) នៅតែមានក្ដីរំពឹងខ្ពស់ក្នុងការប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយក្រុមព្រះខ័នរាជស្វាយរៀង បើទោះបីជើងទី១ ក្រុមខ្លួនចាញ់ក្នុងដី ២-១ ក៏ដោយ ។ មិនតែប៉ុណ្ណោះ លោកបានចាត់ទុកការបរាជ័យជើងទី១ ក្នុងវគ្គ ១/៤ផ្ដាច់ព្រ័ត្រ គឺជាលទ្ធផលដ៏ល្អ សម្រាប់ក្រសួងការពារជាតិ វាយបកលើក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង ក្នុងជំនួបជើងទី២ នៅកីឡដ្ឋានខេត្ដស្វាយរៀង នាល្ងាចថ្ងៃទី០៨ ខែសីហាស្អែកនេះទៀតផង ។

គ្រូបង្វឹកក្រុមកាន់សញ្ញាបត្រ A-License រូបនេះ បាននិយាយថា៖ «សម្រាប់លទ្ធផល ២-១ កាលពីជើងទី១ ខ្ញុំគិតថា ល្អប្រសើរបំផុត ហើយខាងគេអាចនឹងរវើរវាយវិញទេ ព្រោះយើងទៅ គឺយើងត្រូវការគ្រាប់បាល់ តែខាងគេ បើគេគិតថា គេមាន ១គ្រាប់ គេទម្លាក់ការពារយើង វាគឺជាហេតុផលងាយស្រួលគ្រប់គ្រងបាល់ ហើយនឹងបង្កើតឱកាស ។ ចឹងលទ្ធផលនេះ ខ្ញុំគិតថា មិនមែនជាលទ្ធផលចាញ់ទេ គឺយើងសល់ ៩០នាទីទៀត ចឹងប្រៀបដូចយើងកំពុងសម្រាកមួយតង់អញ្ចឹង ចឹងយើងត្រូវតែប្ដូរនៅជើងទី២» ។

ដោយឡែកលោក Conor Nester គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀងវិញ ធ្លាប់បានលើកឡើងថា ការមានគ្រាប់បាល់ចំណេញត្រឹម ១គ្រាប់នៅមិនទាន់កក់ក្ដៅសម្រាប់ក្រុមខ្លួននោះទេ ហើយរឹតតែមិនអាចធ្វេសប្រហែស ទោះបីជើងទី២ ត្រូវប្រកួតក្នុងដីខ្លួនក៏ដោយ ។ បន្ថែមលើនេះ លោកក៏បានសម្ដែងការគោរព ចំពោះក្រុមក្រសួងការពារជាតិ ក៏ដូចជាក្រុមដទៃជានិច្ច ដោយសារឈានមកដល់វគ្គនេះ លោកបានចាត់ទុកគ្រប់ក្រុមទាំងអស់ សុទ្ធតែជាក្រុមខ្លាំង ។ ដូច្នេះលោកបានចាត់ទុកជំនួបជើងទី២ ស្អែកនេះ គឺជាការប្រកួតដ៏ស្វិតស្វាញបំផុត ៕

អត្ថបទ៖ បុត្រា

មតិយោបល់