Hun Sen Cup៖ គ្រូណាហ្គាថា ត្រូវការគ្រាប់ទី៣ ក្នុងជំនួបកាត់ក្ដីជាមួយបឹងកេតស្អែកនេះ!

នូ មករា August 7, 2018


ភ្នំពេញ៖ បន្ទាប់ពីយកឈ្នះក្រុមបឹងកេត ២-០ ក្នុងជំនួបជើងទី១ នៃវគ្គ ១/៤ផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup ថ្នាក់ជាតិ រដូវកាលទី១២ ក្រុមណាហ្គាវើល នឹងមិនផ្លាស់ប្ដូរទម្រង់លេង ឬការពារឡើយ ដោយប្ដេជ្ញាស្វែងរកគ្រាប់បាល់ទី៣ ឲ្យខានតែបានក្នុងជំនួបជើងទី២ លើទីលានពហុកីឡដ្ឋានជាតិ នាល្ងាចថ្ងៃទី០៨ ខែសីហាស្អែកនេះ ។ នេះបើតាមការបញ្ជាក់របស់គ្រូបង្វឹកលោក មាស ចាន់ណា ។
 
លោក មាស ចាន់ណា បានលើកឡើងថា ជើងទី២ ដោយសារបឹងកេតអាចមានកម្លាំងថ្មី ពិសេស ចាន់ វឌ្ឍនាកា វាអាចជះឥទ្ធិពលតិចតួចដល់ក្រុមខ្លួន ។ តែយ៉ាងណាលោកមិនព្រួយបារម្ភនោះទេ ផ្ទុយទៅវិញ លោកនឹងពង្រឹងកូនក្រុមឲ្យបានកាន់តែល្អ ដើម្បីធ្វើសង្គ្រាមរយៈពេល ៩០នាទីចុងក្រោយជាមួយក្រុមលោក ហៅ សុជាតិ ជាមួយនឹងការរក្សាទម្រង់លេងដូចកាលពីជើងទី១ ដូច្នោះដែរ ដើម្បីធានាកៅអីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។
ម្ចាស់ពានគ្រូបង្វឹកមានប្រជាប្រិយភាពជាងគេ ប្រចាំឆ្នាំ២០១៧ របស់ CNCC រូបនេះ បាននិយាយថា៖ «យើងនឹងរក្សាទម្រង់លេងដដែល យើងអត់ត្រូវប្ដូររញ៉េរញ៉ៃទេ បើយកប្ដូរ ឧទាហរណ៍ប្ដូរទៅតែការពារពេក គឺយើងរង់ចាំតែងាប់ទេ ចឹងយើងអត់មានប្ដូរទេ ផ្ទុយទៅវិញ គឺយើងត្រូវការរកគ្រាប់ទី៣ យើងមិនត្រូវការត្រឹមតែ ២គ្រាប់ហ្នឹងក្នុងរយៈពេល ៩០នាទីនោះទេ» ។ ការអះអាងបែបនេះ គឺសបញ្ជាក់ថា ណាហ្គាវើល មិនមែនមានមហិច្ឆតាឡើងវគ្គបន្ដត្រឹមជ័យជម្នះ ២គ្រាប់នេះឡើយ គឺពួកគេត្រូវការឈ្នះទាំង ២ជើងតែម្ដង ។
 
គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ នោះទេ ដែលក្រុមទាំងពីរ បានជួបគ្នាក្នុងវគ្គសំខាន់ៗ នៃពានរង្វាន់ Hun Sen Cup ពោលគឺណាហ្គាវើល និងបឹងកេត ធ្លាប់បានជួបគ្នា ៣រដូវកាលមកហើយ ដោយបញ្ចប់ជាមួយលទ្ធផលឈ្នះ-ចាញ់ទៅវិញទៅមក ប៉ុន្ដែជួបគ្នាលើកចុងក្រោយក្នុងវគ្គ ១/២ផ្ដាច់ព្រ័ត្រ កាលពីឆ្នាំ២០១៧ ក្រុមលោក មាស ចាន់ណា បានទទួលជ័យជម្នះទាំង ២ជើងដោយលទ្ធផល ៤-២ (ជើងទី១ ឈ្នះ ១-០ និងជើងទី២ ឈ្នះ ៣-២) ។ ដូច្នេះចាំមើលឆ្នាំនេះ ណាហ្គាវើល អាចរក្សាកំណត់ត្រាដូច្នេះទៀត ឬយ៉ាងណា?
អត្ថបទ៖ បុត្រា

មតិយោបល់