AFF U16 ៖ កម្ពុជាបានត្រឹមលេខ៥ ក្នុងពូល ក្រោយចាញ់ឥណ្ឌូនេស៊ី ៤-០

នូ មករា August 7, 2018


ភ្នំពេញ៖ យុទ្ធនាការចូលរួមប្រកួតពានរង្វាន់យុវជនជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ AFF U16 Championship 2018 នៅប្រទេសឥណ្ឌូនេស៊ី របស់ក្រុមជម្រើសជាតិយុវជនក្រោមអាយុ ១៦ឆ្នាំកម្ពុជា បានបញ្ចប់ហើយ ដោយទទួលបានត្រឹមចំណាត់ថ្នាក់លេខ៥ ក្នុងពូលប៉ុណ្ណោះ បន្ទាប់ពីប្រកួតបង្គ្រប់កិច្ចចុងក្រោយចាញ់ក្រុមក្រុមម្ចាស់ផ្ទះ U16 ឥណ្ឌូនេស៊ី ៤-០ កាលពីយប់មិញ ។
   
ជំនួបបង្គ្រប់កិច្ចនេះ ក្រុម U16ឥណ្ឌូនេស៊ី បានស៊ុតបំប៉ោងសំណាញ់ទីកម្ពុជា ៤គ្រាប់ផ្ទួនៗនៅតង់ទី១ ដែលស្ទើរតែធ្វើឲ្យក្រុមគោព្រៃជំទង់កម្ពុជាគ្មានឱកាសតបត មុននឹងពួកគេលេងលក្ខណៈសន្សំកម្លាំងនៅតង់ទី២ ។ យ៉ាងណាមិញការនាំមុខ ៤-០ មិនមានការប្រែប្រួលនោះទេ បន្ទាប់ពីក្រុមលោក Lee Tae Hoon ព្យាយាមវាយបកមិនបានសម្រេច ដែលនាំឲ្យកម្ពុជាទទួលបានត្រឹមលេខ៥ ក្នុងពូល ដែលមាន ៦ក្រុម បន្ទាប់ពីឆ្លងកាត់ ៥ប្រកួតឈ្នះ១ និងចាញ់ ៤ប្រកួត ។
 
ដោយឡែកក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ក្រោយយកបាន ៣ពិន្ទុបន្ថែមពីកម្ពុជា ពួកគេបានរក្សាកៅអីកំពូលតារាង ដោយរក្សាកំណត់ត្រាមិនស្គាល់ចាញ់ ឬស្មើសម្រាប់ ៥ប្រកួតមាន ១៥ពិន្ទុ ដើម្បីឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយក្រុម U16 មីយ៉ាន់ម៉ា ដែលប្រកួតស្មើក្រុមការពារតំណែងជើងឯកវៀតណាម ២-២ កាលពីល្ងាចមិញ ។ មីយ៉ាន់ម៉ា និងវៀតណាមមាន ១០ពិន្ទុស្មើគ្នា ក្រោយឆ្លងកាត់ ៥ប្រកួត តែដោយសារមីយ៉ាន់ម៉ាមានគ្រាប់បាល់ចំណេញច្រើនជាង ពួកគេក៏ទទួលបានឱកាសឡើងវគ្គបន្ដ ។
 
ចំណែកពូលB ទើបរកឃើញក្រុមកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ១ក្រុមប៉ុណ្ណោះ គឺថៃ ដែលឆ្លងកាត់ ៤ប្រកួតឈ្នះ៣ និងស្មើ១ មាន ១០ពិន្ទុ ។ រីឯក្រុម U16ឡាវកំពុងកាន់ ៧ពិន្ទុ ខណៈម៉ាឡេស៊ីមាន ៦ពិន្ទុ ត្រូវជួបគ្នាល្ងាចនេះ ដើម្បីកាត់សេចក្ដីរកក្រុមឡើងវគ្គបន្ដ ។ រីឯសិង្ហបុរី និងប្រ៊ុយណេ ក៏ត្រៀមបង្វិចត្រឡប់ទៅផ្ទះ ដូចកម្ពុជាដែរ ទោះបីពួកគេសល់ ១ប្រកួតក្នុងដៃ សម្រាប់ល្ងាចថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨នេះក៏ដោយ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់