ផ្លូវការ៖ ភ្នំពេញក្រោន ប្រកាសចែកផ្លូវជាមួយខ្សែប្រយុទ្ធអុីរ៉ង់ Pouya Hosseini 

នូ មករា August 6, 2018


ភ្នំពេញ៖ យោងតាមការប្រកាសរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានឱ្យដឹងថា ជើងឯក ៦សម័យកាលនេះបានសម្រេចបញ្ចប់កិច្ចសន្យាជាផ្លូវការជាមួយកីឡាករជនជាតិអុីរ៉ង់ Pouya Hosseini ហើយដោយមិនបានបញ្ជាក់ពីមូលហេតុលម្អិតនោះទេ ខណៈដែលខ្សែប្រយុទ្ធរូបនេះរកបាន ២គ្រាប់នៅក្នុងការប្រកួតលីគកំពូលកម្ពុជានាពេលកន្លងមក ។

ទោះបីជាមានវត្តមាននៅក្នុងការប្រកួតជាច្រើនលើកក៏ពិតមែនប៉ុន្តែ Pouya Hosseini  ហាក់មិនសូវបង្ហាញភាពខ្លាំងរបស់ខ្លួនប៉ុន្មានទេជាហេតុបណ្តាលឱ្យអ្នកគាំទ្ររិះគន់ជាបន្តបន្ទាប់ ។ យ៉ាងណាក៏ដោយ កីឡាករកម្ពស់ ១.៨៣ម៉ែត្ររូបនេះធ្លាប់បានកោតសរសើរយ៉ាងខ្លាំងចំពោះសមត្ថភាពកីឡាករវ័យក្មេងរបស់ភ្នំពេញក្រោនដោយរូបគេមានជំនឿថា ពួកគេនឹងក្លាយជាកីឡាករដ៏ល្អនាពេលអនាគតសម្រាប់វិស័យបាល់ទាត់កម្ពុជា ។

សូមបញ្ជាក់ថា ភ្នំពេញក្រោន បានចុះកិច្ចសន្យានាំយកកីឡាករវ័យ ២៩ឆ្នាំរូបនេះ កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៧កន្លងមក ដោយរូបគេធ្លាប់លេងនៅលីគនៃប្រទេសថៃផងដែរដូចជាជាមួយក្លឹបថៃ Udon Thani FC ក្នុងឆ្នាំ២០១៣ បន្ទាប់មកបានចូលរួមជាមួយក្លឹប Muangthong United ពីឆ្នាំ២០១៤-២០១៥ មុននឹងលេងឲ្យក្លឹប Nongbua Pitchaya FC ក្នុងឆ្នាំ២០១៦ ៕

អត្ថបទ៖ មករា

មតិយោបល់