លីគកម្ពុជា៖ ក្រោនសងសឹកស្វាយរៀងបានសម្រេច ឯណាហ្គា-វិសាខា បង្កក្ដីបារម្ភដល់បឹងកេត!

នូ មករា August 6, 2018


ភ្នំពេញ៖ ទីបំផុតក្រុមភ្នំពេញក្រោន បានសងសឹកក្រុមព្រះខ័នរាជស្វាយរៀង បានសម្រេចដូចបំណង ជាមួយនឹងជ័យជម្នះ ២-១ ក្នុងជំនួបជើងទី២ នៃលីគកំពូលកម្ពុជា នៅកីឡដ្ឋាន RSN ស្របពេលក្រុមណាហ្គាវើល និងវិសាខា បានបង្កក្ដីបារម្ភដល់ក្រុមបឹងកេតជាថ្មី ក្រោយក្រុមទាំងពីរ បានយកឈ្នះគូប្រជែងយ៉ាងចាស់ដៃរៀងៗខ្លួន ដើម្បីទទួលបានពិន្ទុតាមយ៉ាងប្រកៀកប្រកិតពីក្រោយបឹងកេត ។
 
បន្ទាប់ពីបរាជ័យ ៦-៣ ក្រៅដីកាលពីជើងទី១ អតីតក្រុមជើងឯក ៦សម័យកាលភ្នំពេញក្រោន មិនបានធ្វើឲ្យអ្នកគាំទ្រអស់សង្ឃឹមឡើយ ពោលគឺបាន ៣ពិន្ទុក្នុងដីខ្លួនវិញ ។ ចំពោះជំនួបដ៏តានតឹងកាលពីចុងសប្ដាហ៍កន្លងទៅ ក្នុងវគ្គទី១ ក្រុមទាំងពីរ មិនមានការទាត់បំប៉ោងសំណាញ់ទីគ្នាឡើយ មុននឹងក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀងរកបាន ១គ្រាប់មុន ដោយកីឡាករ Harley Bryn Willard នៅនាទី៥៩ ។
 
ប៉ុន្ដែក្រោយការនាំមុខពីក្រុមភ្ញៀវ ភ្នំពេញក្រោនបានព្យាយាមវាយបកជាខ្លាំង រហូតធ្វើបានសម្រេច ២គ្រាប់ផ្ទួនៗ ក្នុងរយៈពេល ១០នាទីចុងក្រោយ ដោយកីឡាករ Valci Junior នៅនាទី៨០ និងកីឡាករ Jane Tsotleho នៅនាទី៨៧ ដែលគ្រាប់បាល់វាយបក ២គ្រាប់នេះ គឺគ្រប់គ្រាន់ឲ្យភ្នំពេញក្រោនសងសឹកក្រុមព្រះខ័នរាជស្វាយរៀងតែម្ដង និងមាន ២៤ពិន្ទុស្មើក្រុមប៉ូលិសឈរលេខ៥ និងលេខ៦ ក្រោយឆ្លងកាត់ ១៦ប្រកួតឈ្នះ៧ ស្មើ៣ និងចាញ់៦ ដូចគ្នា ។
ដោយឡែកក្រុមណាហ្គាវើល គឺបានលត់ក្រុមអាស៊ីអឺរ៉ុប ៦-១ ខណៈក្រុមវិសាខា បានលត់ក្រុមវេស្ទើន ៥-០ ក្នុងជំនួបជើងទី២ និងការប្រកួតទី១៦ របស់ខ្លួន ។ ជ័យជម្នះនេះ បានធ្វើឲ្យក្រុមខ្លាំងទាំងពីរមាន ៣៨ពិន្ទុស្មើគ្នាបន្ដឈរលេខ២ និងលេខ៣ បន្ទាប់ពីឆ្លងកាត់ ១៦ប្រកួតឈ្នះ១២ ស្មើ២ និងចាញ់២ តាមពីក្រោយក្រុមបឹងកេតតែ ១ពិន្ទុប៉ុណ្ណោះ ពោលគឺក្រុមការពារតំណែងជើងឯកបឹងកេតមាន ៣៩ពិន្ទុជាមួយលទ្ធផល ១៦ប្រកួតឈ្នះ១២ ស្មើ៣ និងចាញ់១ ៕
អត្ថបទ៖ បុត្រា

មតិយោបល់