កម្ពុជា ប៉ះម្ចាស់ផ្ទះឥណ្ឌូនេស៊ី បង្គ្រប់កិច្ចពាន AFF U16 ល្ងាចនេះ

នូ មករា August 6, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ ១៦ឆ្នាំកម្ពុជា នឹងត្រូវប្រកួតចុងក្រោយក្នុងពូលA ជាមួយក្រុមម្ចាស់ផ្ទះ U16 ឥណ្ឌូនេស៊ី នាល្ងាចថ្ងៃទី០៦ ខែសីហានេះ នៅក្នុងពានរង្វាន់ AFF U16 Championship 2018 នៅប្រទេសឥណ្ឌូនេស៊ី ។ នេះគឺជាការប្រកួតបង្គ្រប់កិច្ចរបស់ក្រុមគោព្រៃជំទង់កម្ពុជា ក្រោយអស់ឱកាសប្រជែងកៅអីវគ្គបន្ដ បន្ទាប់ពីបញ្ចប់ ៤ប្រកួតរកបានត្រឹម ៣ពិន្ទុជាមួយលទ្ធផលឈ្នះ១ និងចាញ់ ៣ ។
ផ្ទុយពីកម្ពុជា ក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ពួកគេបានកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងដៃរួចទៅហើយ ក្រោយឆ្លងកាត់ ៤ប្រកួតឈ្នះរហូតមាន ១២ពិន្ទុពេញ ដែលធ្វើឲ្យការជួបកម្ពុជាល្ងាចនេះ មិនផ្ដល់ក្ដីបារម្ភដល់ពួកគេឡើយ ។ ប៉ុន្ដែគូជក់ចិត្តក្នុងពូលA ថ្ងៃនេះ គឺជំនួបរវាងក្រុមការពារតំណែងជើងឯកវៀតណាម ប៉ះមីយ៉ាន់ម៉ា ព្រោះក្រុមទាំងពីរមាន ៩ពិន្ទុស្មើគ្នា ដែលធ្វើឲ្យពួកគេត្រូវការឈ្នះរៀងៗខ្លួន ដើម្បីប្រជែងកៅអីវគ្គបន្ដ ខណៈអ្នកចាញ់ ក៏ត្រូវហាលអាវដូចក្រុមគោព្រៃជំទង់កម្ពុជាផងដែរ ។
ក្រោមហេតុផលនេះ វៀតណាម និងមីយ៉ាន់ម៉ា នឹងត្រូវធ្វើការងារធ្ងន់រៀងៗខ្លួន ដើម្បីប្រជែងយក ៣ពិន្ទុបន្ថែម ។ តែនៅម៉ោងដំណាលគ្នា ក្រុមទីម័រខាងកើង និងហ្វីលីពីន ក៏ត្រូវប្រកួតបង្គ្រប់កិច្ចពូលA ផងដែរ ៕
អត្ថបទ៖ បុត្រា

មតិយោបល់