AFF U16៖ កម្ពុជា ប៉ះមីយ៉ាន់ម៉ាថ្ងៃនេះ ត្រូវការឈ្នះដាច់ខាត!

នូ មករា August 4, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ ១៦ឆ្នាំកម្ពុជា នឹងត្រូវជួបក្រុមយុវជន U16មីយ៉ាន់ម៉ា នារសៀលថ្ងៃទី០៤ ខែសីហានេះ ដែលជាប្រកួតទី៤ ក្នុងពូលA នៃពានរង្វាន់ AFF U16 Championship 2018 នៅប្រទេសឥណ្ឌូនេស៊ី ហើយក៏ជាការប្រកួតដ៏សំខាន់ផងដែរ ដោយក្រុមលោក Lee Tae Hoon ត្រូវការឈ្នះដាច់ខាត ដើម្បីរក្សាឱកាសស្វែងរកកៅអីវគ្គបន្ដ ។ បច្ចុប្បន្នក្រុមគោព្រៃជំទង់កម្ពុជា មានឱកាសស្ដួចស្ដើងបំផុត ក្នុងការប្រជែងកៅអីវគ្គបន្ដ បន្ទាប់ពីភ្លាត់ប្រកួតចាញ់ក្រុម U16ទីម័រខាងកើត ២-១ កាលពីថ្ងៃព្រហស្បត្តិ៍ ដែលធ្វើឲ្យ ៣ប្រកួតរបស់ពួកគេទើបរកបាន ៣ពិន្ទុប៉ុណ្ណោះ ។
 
ផ្ទុយពីក្រុមយុវជនមីយ៉ាន់ម៉ា ពួកគេកំពុងកាន់ ៦ពិន្ទុក្រោយឆ្លងកាត់ ៣ប្រកួតដូចគ្នា ហើយពួកគេក៏កំពុងត្រូវការពិន្ទុបន្ថែម ដើម្បីប្រជែងជាមួយក្រុមខ្លាំងៗ ដូចជាម្ចាស់ផ្ទះឥណ្ឌូនេស៊ី និងវៀតណាមជាដើម ។ បើក្រឡេកមកចាប់អារម្មណ៍ប្រវត្តិធ្លាប់ជួបគ្នាក្នុងពាននេះវិញ ជួបគ្នា ៣លើកកម្ពុជា មិនធ្លាប់មានប្រវត្តិឈ្នះមីយ៉ាន់ម៉ាឡើយ ពោលគឺជួបគ្នាលើកដំបូង ស្មើគ្នា ១-១ កាលពីឆ្នាំ២០១១ តែឆ្នាំ២០១៣ ចាញ់មីយ៉ាន់ម៉ា ២-១ និងឆ្នាំ២០១៥ កម្ពុជាបន្ដចាញ់មីយ៉ាន់ម៉ា ៣-០ ។ តាមរយៈលទ្ធផលនេះ សបញ្ជាក់ឲ្យឃើញថា ក្រុមយុវជនកម្ពុជា ត្រូវធ្វើការងារធ្ងន់បំផុត ដើម្បីដណ្ដើមយក ៣ពិន្ទុជាមួយអតីតក្រុមជើងឯក ២ជំនាន់មីយ៉ាន់ម៉ាថ្ងៃនេះ ។
ក្រៅពីជំនួបដ៏ជក់ចិត្តនេះ ក៏មាន ២ប្រកួតផ្សេងទៀត សម្រាប់ពូលA ផងដែរ គឺក្រុមការពារតំណែងជើងឯកវៀតណាម ប៉ះក្រុមហ្វីលីពីន និងក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ជួបក្រុមទីម័រខាងកើត ។ ចំពោះលទ្ធផលបណ្ដោះអាសន្នក្រុមម្ចាស់ផ្ទះ កំពុងកាន់ ៩ពិន្ទុឈរកំពូលតារាង គ្រាដែលវៀតណាម និងមីយ៉ាន់ម៉ាមាន ៦ពិន្ទុស្មើគ្នាឈរលេខ២ និងលេខ៣ ក្នុងចំណោម ៦ក្រុម ប៉ុន្ដែក្រុមនីមួយៗសុទ្ធសល់ ២ប្រកួតក្នុងដៃដូចគ្នា ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់