គ្រូបឹងកេត បញ្ជាក់យ៉ាងខ្លីពីការអវត្តមាន ចាន់ វឌ្ឍនាកា ក្រោយចាញ់ណាហ្គាវើល ២-០

នូ មករា August 2, 2018


ភ្នំពេញ៖ សម្រាប់ជំនួបជើងទី១ នៃវគ្គជម្រុះ ១/៤ ផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup រដូវកាលទី១២ រវាងក្រុមបឹងកេត និងណាហ្គាវើលម្សិលមិញ អ្នកគាំទ្របានសម្ដែងការងឿងឆ្ងល់ជាខ្លាំង ក្រោយមិនឃើញខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា បង្ហាញវត្តមានជួយមិត្តរួមក្រុម ស្របពេលក្រុមខ្លួន បានបរាជ័យ ២-០ ក្រោមថ្វីជើងក្រុមលោក មាស ចាន់ណា ។
 
ជុំវិញការអនុវត្តមានកីឡាករស្នូល ក្នុងការប្រកួតដ៏សំខាន់នេះ គ្រូបង្វឹកក្រុមបឹងកេតលោក ហៅ សុជាតិ បានបញ្ជាក់យ៉ាងខ្លីថា៖ «ដោយសារគាត់(វឌ្ឍនាកា)មានបញ្ហាសុខភាព» ។ បន្ថែមលើកនេះ លោករំពឹងថា នៅជើងទី២ ចាន់ វឌ្ឍនាកា នឹងអាចជួយមិត្តរួមក្រុមបាន ក្នុងការប្រកួតកាត់សេចក្ដីជាមួយក្រុមណាហ្គាវើល ដែលនឹងធ្វើឡើងនាថ្ងៃទី០៨ ខែសីហាខាងមុខ ។ តែយ៉ាងណានៅតែមានការព្រួយបារម្ភ ព្រោះគូប្រជែងរបស់ខ្លួន មានគ្រាប់ចំណេញ ២គ្រាប់ ដែលមានប្រៀបជាងខ្លួននៅជើងទី២ ។
លោកបានបន្ដថា៖ «ឥលូវនេះណាហ្គាវើលគេនាំមុខ ២គ្រាប់មុន ចឹងយើងគិតថា ការវាយបកគឺជារឿងពិបាក តែយើងនឹងរៀបចំឲ្យបានល្អ ដើម្បីទទួលបានលទ្ធផលល្អនៅជើងទី២ បន្ទាប់ពីកីឡាករសំខាន់ៗ ដូចជា ចាន់ វឌ្ឍនាកា និង ស៊ុន សុវណ្ណរិទ្ធី អាចត្រឡប់មកជួយក្រុមបានវិញ» ។ ប៉ុន្ដែចំពោះការបរាជ័យយប់មិញ លោកមិនបានបន្ទោសកូនក្រុមនោះទេ ហើយថែមទាំងកោតសរសើរពួកគេទៀតផង បន្ទាប់ពីលោកបានប្រើប្រាស់កីឡាករយុវជនច្រើនក្នុងការប្រកួតដ៏សំខាន់នេះ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់