គ្រូ JFL-4 ប្រាប់មូលហេតុមកប្រកួតមិត្តភាពជាមួយ U19បាទី និងបឹងកេត

នូ មករា August 2, 2018


ភ្នំពេញ៖ ទីបំផុតមូលហេតុក្រុមជម្រើសលីគទី៤ ជប៉ុន(JFL-4) ជ្រើសរើសប្រទេសកម្ពុជា ដើម្បីរៀបចំការប្រកួតមិត្តភាពនាចុងសប្ដាហ៍នេះ បានដឹងច្បាស់ហើយ គឺដើម្បីអបអរសាទរខួប ២០ឆ្នាំ នៃការបង្កើតក្រុមជម្រើសលីគជប៉ុន(Japan Football League) ។ នេះបើតាមការបញ្ជាក់របស់លោក Katsumasa Terouchi អំឡុងពេលដឹកនាំកូនក្រុម ហ្វឹកហាត់នៅកីឡដ្ឋានវិសាខាកាលពីម្សិលមិញ ។
   
លោក Katsumasa Terouchi បានឲ្យដឹងថា៖ «ឆ្នាំនេះ គឺជាខួប ២០ឆ្នាំ នៃការបង្កើតក្រុម Japan Football League ដូច្នេះសហព័ន្ធកីឡាបាល់ទាត់ជប៉ុន ក៏ដូចជាក្រុមការងាររបស់ JFL បានពិភាក្សាគ្នា និងបានឯកភាពជ្រើសរើសក្រុមមួយចំនួន នៅកម្ពុជា ដើម្បីធ្វើការប្រកួតមិត្តភាព និងអបអរសាទរខួប ២០ឆ្នាំរបស់ JFL តែម្ដង ដែលតំណាងដោយក្រុមកីឡាករជម្រើសលីគទី៤ របស់ជប៉ុន» ។
គួរបញ្ជាក់ថា ក្រុមជម្រើសលីគទី៤ របស់ជប៉ុន នឹងមានប្រកួតមិត្តភាពក្រៅផ្លូវការ ២ប្រកួតនៅកម្ពុជា ពោលគឺនៅថ្ងៃទី០៣ ខែសីហាស្អែក ពួកគេត្រូវប្រកួតមិត្តភាពជាមួយក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីក្រោមអាយុ ១៩ឆ្នាំ នៅពហុកីឡដ្ឋានជាតិ បន្ទាប់មកទើបក្រុមកីឡាករចម្រាញ់ពីក្លឹបចំនួន ១៦ នៃលីគទី៤ របស់ជប៉ុនដដែល ធ្វើការប្រកួតដកស្រង់បទពិសោធន៍ជាមួយក្រុមបឹងកេតអែហ្វស៊ី នាថ្ងៃទី០៥ ខែសីហាខាងមុខ មុនត្រឡប់ទៅជប៉ុន ដើម្បីត្រៀមការប្រកួតក្របខណ្ឌលីគរបស់ខ្លួនដែលនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗ ៕
អត្ថបទ៖ បុត្រា

មតិយោបល់