Hun Sen Cup៖ ភ្នំពេញក្រោន, ស្វាយរៀង, ណាហ្គាវើលដ៍ និងប៉ូលិស សុទ្ធតែឈ្នះក្នុងជើងទី១

នូ មករា August 2, 2018


ភ្នំពេញ៖ សម្រាប់ការប្រកួតជើងទី១ នៃវគ្គជម្រុះ ១/៤ផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឬពាន Hun Sen Cup ថ្នាក់ជាតិ រដូវកាលទី១២ កាលពីម្សិលមិញ សុទ្ធតែបញ្ចប់ដោយលទ្ធផលឈ្នះ-ចាញ់ គ្រាដែលក្រុមទទួលបានជ័យជម្នះ សុទ្ធតែជាក្រុមមានប្រវត្តិលើកពាន រួមមានក្រុមភ្នំពេញក្រោន, ព្រះខ័នរាជស្វាយរៀង, ណាហ្គាវើលដ៍ និងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស) ។
  
ចំពោះលទ្ធផលការប្រកួត អតីតក្រុមជើងឯក ២ជំនាន់ក្រុមភ្នំពេញក្រោន បានយកឈ្នះក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ៣-០ នៅកីឡដ្ឋានខេត្តសៀមរាប ដែលធ្វើសម្រេចដោយកីឡាករ ប្រាក់ ធីវ៉ា ២គ្រាប់ និង អ៊ិន សូដាវីត ១គ្រាប់ ។ រីឯក្រុមជើងឯក ៤ជំនាន់ព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមម្ចាស់ផ្ទះក្រសួងការពារជាតិ ២-១ បន្ទាប់ពីអតីតក្រុមជើងឯកឆ្នាំ២០១៣ ណាហ្គាវើល លត់ក្រុមបឹងកេត ២-០ នៅកីឡដ្ឋានស្ដាតចាស់ដូចគ្នា ។
ក្រឡេកទៅមើលការប្រកួតនៅពហុកីឡដ្ឋានជាតិ អតីតក្រុមជើងឯកឆ្នាំ២០១៤ ប៉ូលិស បានយកឈ្នះក្រុមយុវជន U18បាទី ៣-០ ។ យ៉ាងណាមិញ នេះគ្រាន់តែលទ្ធផលបណ្ដោះអាសន្ន ពោលគឺក្រុមឈ្នះមិនទាន់អរ ហើយក្រុមចាញ់ក៏មិនទាន់អស់សង្ឃឹមដែរ ព្រោះក្រុមនីមួយៗ នៅមានឱកាស ៩០នាទី ដើម្បីវាយបកក្នុងការប្រកួតកាត់សេចក្ដីជើងទី២ ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី០៨ ខែសីហាខាងមុខ ដោយផ្លាស់ប្ដូរទឹកដីប្រកួត ក្នុងនោះភ្នំពេញក្រោន ត្រូវបើកទ្វារកីឡដ្ឋាន RSN ទទួលក្រុមអង្គរថាយហ្គឺរ, ក្រុមការពារជើងឯកព្រះខ័នរាជស្វាយរៀង បើកទ្វារផ្ទះទទួលក្រសួងការពារជាតិ, យុវជន U18បាទី ទទួលក្រុមប៉ូលិស នៅកីឡដ្ឋានបាទី និងក្រុមបឹងកេត ប៉ះក្រុមណាហ្គាវើល នៅកីឡដ្ឋានស្ដាតចាស់ដដែល ៕
អត្ថបទ៖ បុត្រា

មតិយោបល់