Hun Sen Cup: គ្រូទ័ព ឈឺក្បាលរឿងមួយ ព្រោះប៉ះស្វាយរៀង ជាមួយរូបមន្ដចាស់

នូ មករា August 1, 2018


ភ្នំពេញ៖ ក្រុមក្រសួងការពារជាតិ(ទ័ព) នឹងត្រូវបើកទ្វារកីឡដ្ឋានស្ដាតចាស់ទទួលក្រុមព្រះខ័នរាជស្វាយរៀង ក្នុងជំនួបជើងទី១ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup រដូវកាលទី១២ វគ្គ ១/៤ផ្ដាច់ព្រ័ត្រនាល្ងាចថ្ងៃពុធនេះ ។ ប៉ុន្ដែការប្រកួតជើងទី១ ក្នុងដីនេះ ហាក់បង្កការឈឺក្បាលជាខ្លាំងដល់គ្រូបង្វឹកក្រុមម្ចាស់ផ្ទះ ស្របពេលកាលពីឆ្នាំ២០១៧ ក្រុមទាំងពីរ ធ្លាប់បានជួបគ្នាជាមួយរូបមន្ដក្នុងដី និងក្រៅដី(Home/Away) បែបនេះម្ដងរួចមកហើយ ដោយជើងទី១ ប្រកួតលើទឹកដីក្រសួងការពារជាតិដូចគ្នា។
 
លោក ភា សុភ័ក្ដ្រា គ្រូបង្វឹកក្រសួងការពារជាតិ បានឲ្យដឹងថា ការលេងក្នុងដី នៅជើងទី២ គឺជាបំណងប្រាថ្នារបស់ក្រុមទាំងអស់លើលោក ពេលមានការប្រកួតប្រើប្រាស់រូបមន្ដ Home/Away ។ តែផ្ទុយពីការចង់បានរបស់ខ្លួន សម្រាប់ក្រសួងការពារជាតិ គឺត្រូវបើកទ្វារផ្ទះទទួលក្រុមព្រះខ័នរាជស្វាយរៀង ២ឆ្នាំជាប់គ្នា ដែលក្លាយជាមួយសម្ពាធសម្រាប់ក្រុមលោក ។ ការអះអាងបែបនេះ ដោយសារលោកមិនចង់មានប្រវត្តិជ្រំដែល ពោលគឺដូចកាលពីឆ្នាំ២០១៧ ដែលប្រកួតជើងទី១ ស្មើគ្នាក្នុងដី ១-១ ហើយត្រូវបរាជ័យក្រៅដី ៣-០ ក្រោមថ្វីព្រះខ័នរាជស្វាយរៀងយកឈ្នះនៅជើងទី២ ។

គ្រូបង្វឹកកាន់សញ្ញាបត្រ A-License រូបនេះបញ្ជាក់ថា៖ «ឥលូវយើងលេង Home/Away តែយើងត្រូវទៅលេង Away នៅជើងទី២ ដែលជាហេតុផលមួយដ៏ពិបាកសម្រាប់យើង ។ ជាទូទៅគេចង់លេងជើងទី២ ក្នុងទឹកដីខ្លួនឯង តែយ៉ាងណាយើងត្រូវប្រឹងនៅជើងទី១ ដើម្បីស្វែងរកគ្រាប់បាល់ជ័យជម្នះ ព្រោះបើស្មើគ្នាជើងទី១ អត់មានការថែមម៉ោងទេ តែបើស្មើគ្នាជើងទី២ ត្រូវមានការថែមម៉ោង ឬសម្រេចដោយបាល់ ១១ម៉ែត្រ ដែលជាហេតុផលធ្វើឲ្យក្រុមលើលោកចង់ប្រកួតជើងទី២ លើទឹកដីខ្លួនឯង ។ ចឹងបើមានឱកាស យើងត្រូវប្ដូររកគ្រាប់បាល់ ព្រោះកាលពីឆ្នាំមុនយើងបានត្រឹមស្មើក្នុងទឹកដីខ្លួនឯង ដល់ទៅលេងក្រៅដីយើងចាញ់គេ» ។
 
សូមរំឮកថា នេះគឺជាឆ្នាំទី៤ ហើយ ដែលក្រសួងការពារជាតិ និងព្រះខ័នរាជស្វាយរៀង បានជួបគ្នាក្នុងពានប្រមុខថ្នាក់ដឹកនាំប្រទេសកម្ពុជានេះ ពោលគឺឆ្នាំ២០១០ ជួបគ្នាក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្រសួងការពារជាតិឈ្នះ ១-០ ។ ឆ្នាំ២០១៦ ជួបគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រក្រសួងការពារជាតិ បានយកឈ្នះដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ៦-៥ បន្ទាប់ពីប្រកួត ១២០នាទីស្មើគ្នា ១-១ និងឆ្នាំ២០១៧ ក្រុមព្រះខ័នរាជស្វាយរៀងសងសឹកបានវិញ ដោយយកឈ្នះក្រុមក្រសួងការពារជាតិ ៤-១ ក្នុងជំនួប ២ជើងនៃវគ្គ ១/៤ផ្ដាច់ព្រ័ត្រ ពោលគឺជើងទី១ ស្មើគ្នា ១-១ និងជើងទី២ ព្រះខ័នរាជស្វាយរៀងឈ្នះក្នុងដី ៣-០ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់