Hun Sen Cup៖ ភ្នំពេញក្រោន អាចបំបែកកំណត់ត្រាចាស់បានទេ ប៉ះអង្គរថាយហ្គឺររសៀលនេះ?

នូ មករា August 1, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់ភ្នំពេញក្រោន នឹងត្រូវធ្វើការប្រកួតក្រៅដី ក្នុងជើងទី១ វគ្គ ១/៤ផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup រដូវកាលទី១២ ជាមួយក្រុមអង្គរថាយហ្គឺរ នាវេលាម៉ោង ៣៖៣០នាទីរសៀលថ្ងៃទី០១ ខែសីហានេះ នៅកីឡដ្ឋានខេត្តសៀមរាប ។ ចាំមើលតើភ្នំពេញក្រោន អាចបំបែកកំណត់ត្រាចាស់ក្នុងជំនួបជាមួយក្រុមដឹកនាំដោយជនជាតិជប៉ុននេះបានទេ? នេះគឺជាលើកទី២ ដែលភ្នំពេញក្រោន និងអង្គរថាយហ្គឺរ បានជួបគ្នាក្នុងពានរបស់ថ្នាក់ដឹកនាំកំពូលមួយនេះ គ្រាដែលលើកទី១ ក្រុមទាំងពីរ បានជួបគ្នាក្នុងពូល កាលពីឆ្នាំ២០១៤ ដោយប្រកួត ៩០នាទីបានត្រឹមស្មើគ្នា ១-១ ប៉ុណ្ណោះ ។

ស្របពេលក្រុមទាំងពីរ ត្រូវជួបគ្នាជាថ្មីថ្ងៃនេះ គ្រូបង្វឹកភ្នំពេញក្រោនលោក Sean Sainbury បានចាត់ទុក នេះគឺជាការប្រកួតដ៏ពិបាកមួយ ព្រោះអង្គរថាយហ្គឺរមានកីឡាករល្អៗមួយចំនួន ខណៈការប្រកួតជើងទី១ ត្រូវធ្វើឡើងក្រៅដីដូច្នេះ ។ លោក Sean Sainbury បាននិយាយមុនការប្រកួតថា៖ «ចំពោះក្រុមអង្គរថាយហ្គឺរ ពួកគេមានកីឡាករល្អមួយចំនួន ។ តែយ៉ាងណាក្រុមទាំងអស់ ក្នុងពានសម្តេចតេជោ ហ៊ុន សែន គឺសុទ្ធតែល្អ ព្រោះកីឡាករខ្មែរទាំងអស់ មានកម្លាំងចិត្តក្នុងការលេង ហើយខ្ញុំគិតថា យើងនឹងមានការលំបាក ។ មួយវិញទៀតយើងត្រូវលេងលើទឹកដីរបស់ពួកគេ វាពិតជាមានការលំបាកសម្រាប់យើង ។ ដូច្នេះយើងត្រូវតែធ្វើការឲ្យបានច្រើន មានការរៀបចំឲ្យបានល្អ ដើម្បីឈ្នះការប្រកួតនេះ» ។

គួរបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ការប្រកួតជើងទី១ នៅលើទឹកដីកីឡដ្ឋានខេត្តសៀមរាប អតីតក្រុមជើងឯក ២ជំនាន់ភ្នំពេញក្រោន នឹងត្រូវបើកទ្វារកីឡដ្ឋាន RSN ទទួលក្រុមអង្គរថាយហ្គឺរវិញម្ដង នាថ្ងៃទី០៨ ខែសីហាខាងមុខ ដើម្បីកាត់សេចក្ដីរកក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Hun Sen Cup ឆ្នាំ២០១៨ ។ ប៉ុន្ដែលោក Sean Sainbury ហាក់មានជំនឿចិត្តខ្ពស់ក្នុងការយកឈ្នះក្រុមអង្គរថាយហ្គឺរ ដើម្បីឡើងទៅវគ្គបន្ដ សម្រាប់ពានរង្វាន់ប្រើប្រាស់ធនធានកីឡាករក្នុងស្រុកសុទ្ធមួយនេះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់