AFF U16៖ កម្ពុជា អាចលត់ហ្វីលីពីន ក្រោយចាញ់វៀតណាម ដូចឆ្នាំមុនបានទេ ថ្ងៃនេះ?

នូ មករា July 31, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ ១៦ឆ្នាំកម្ពុជា នឹងបន្ដជួបក្រុម U16ហ្វីលីពីន នាវេលាម៉ោង ៣៖៣០នាទីរសៀលថ្ងៃទី៣១ ខែកក្កដានេះ ក្រោយប្រកួតបើកឆាកពូលA ចាញ់ក្រុមការពារតំណែងជើងឯកវៀតណាម ១-០ ក្នុងពានរង្វាន់ AFF U16 Championship 2018 កាលពីចុងសប្ដាហ៍កន្លងទៅ ។ ឆ្នាំមុន ក៏មិនខុសឆ្នាំនេះដែរ ពោលគឺក្រោយជួបវៀតណាម កម្ពុជាត្រូវជួប U16ហ្វីលីពីនដូចគ្នា គ្រាដែលកាលពីឆ្នាំ២០១៧ ក្រុម U16កម្ពុជា បានលត់ហ្វីលីពីន ៤-០ បន្ទាប់ពីប្រកួតបើកឆាកចាញ់វៀតណាម ២-១ ។ ដូច្នេះ ចាំមើលឆ្នាំនេះ តើកម្ពុជាអាចយក ៣ពិន្ទុពីហ្វីលីពីនបានទេ ក្រោយចាញ់វៀតណាម ក្នុងប្រកួតបើកឆាកដែរនោះ?

មែនទែនទៅ នេះគឺជាលើកទី៤ ហើយ ដែលកម្ពុជា និងហ្វីលីពីន បានជួបគ្នាក្នុងវគ្គជម្រុះតាមពូល ប៉ុន្ដែលទ្ធផលជួបគ្នា ៣លើកកន្លងមក ហ្វីលីពីនមិនធ្លាប់មានប្រវត្តិឈ្នះ ឬស្មើកម្ពុជានោះទេ ពោលគឺឆ្នាំ២០០២ កម្ពុជាឈ្នះ ១-០, ឆ្នាំ២០១១ កម្ពុជាឈ្នះ ២-១ និងឆ្នាំ២០១៧ កម្ពុជាឈ្នះ ៤-០ ។ តាមរយៈលទ្ធផលនេះ សបញ្ជាក់ឲ្យឃើញថា កម្ពុជាមានរំពឹងខ្ពស់ ស្របពេលពួកគេបានបង្ហាញទម្រង់យ៉ាងល្អ ពេលជួបវៀតណាមថ្ងៃមុន ។

គួរបញ្ជាក់ថា បេសកកម្មនេះកម្ពុជា គឺស្ថិតក្នុងពូលA ជាមួយវៀតណាម ហ្វីលីពីន ទីម័រខាងកើត មីយ៉ាន់ម៉ា និងក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី គ្រាដែលប្រកួតបន្ទាប់កម្ពុជា ត្រូវជួបក្រុម U16ទីម័រខាងកើត នាថ្ងៃទី០២ ខែសីហាខាងមុខ ។ រីឯកម្មវិធីប្រកួតថ្ងៃនេះ ក្រៅពីកម្ពុជា ជួបហ្វីលីពីន នៅមាន ២ប្រកួតផ្សេងទៀត គឺក្រុម U16វៀតណាម ជួបទីម័រខាងកើត និងក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ជួបក្រុម U16មីយ៉ាន់ម៉ា ៕

អត្ថបទ៖ បុត្រា

មតិយោបល់