កីឡាករ និងគ្រូបង្វឹកប្រណាំងកង់ម្នាក់នឹងបោះជំរំហ្វឹកហាត់កម្រិតពិភពលោក ៣០ថ្ងៃនៅកូរ៉េ

នូ មករា July 31, 2018


ភ្នំពេញ៖ គ្រូបង្វឹក លោក ខ្លូត ករណី រួមជាមួយកីឡាករ គឹម ចាន់ធូ នឹងត្រូវសហព័ន្ធកីឡាខ្មែរកីឡាទោចក្រយានជ្រើសរើសជាបេក្ខភាពតំណាងឲ្យកម្ពុជាក្នុងដំណើរទៅបោះជំរំហ្វឹកហាត់កម្រិត ពិភពលោកផ្នែកយុវជនរយៈពេល ៣០ថ្ងៃនៅកូរ៉េខាងត្បូងចាប់ពីថ្ងៃទី២១ ខែសីហា ហើយគ្រោងនឹងត្រឡប់មកវិញនៅថ្ងៃទី២០ ខែកញ្ញាខាងមុខនេះ
   
អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន លោក វង្ស ខាន់ពៅ បានឱ្យដឹងថា៖ “នេះជាលើកទី ៣ហើយដែលមជ្ឈមណ្ឌលកីឡាប្រណាំងកង់ដ៏ធំរបស់កូរ៉េមួយនេះបានជួយឲ្យក្រុមកង់កម្ពុជាបានទៅបោះជំរំហ្វឹកហាត់កម្រិតពិភពលោកនេះ ខណៈ ២ លើកកន្លងមកយើងបានបញ្ជូនក្រុមកីឡាការិនីទៅចូលរួម ដោយលើកទី ១ មានរយៈពេល ៥០ ថ្ងៃ លើកទី ២ មានរយៈពេល ៣០ ថ្ងៃដូច លើកទី ៣ នេះដែរ” ។
 
លោកបានបន្តថា៖ “ការទៅបោះជំរុំនេះវាមានប្រយោជន៍ទាំងគ្រូបង្វឹក និងកីឡាកររបស់យើង ព្រោះក្នុងពេលបោះជំរំនោះ យើងត្រូវហ្វឹកហាត់កម្មវិធីផ្សេងៗក្រោមការបង្ហាត់បង្ហាញពីគ្រូជំនាញកម្រិតពិភពលោកមកពីអង់គ្លេសហេតុនេះគ្រូបង្វឹករបស់យើង និងទទួលបានចំណេះដឹង និងបច្ចេកទេសទំនើបពីការបោះជំរំនេះមកបង្ហាត់ដល់អត្តពលិកកម្ពុជាវិញ”។
 
លោកក៏បានចាត់ទុកការចេញទៅបោះជំរំរយៈពេល ៣០ថ្ងៃ នៅកូរ៉េខាងត្បូងខាងមុខនេះថាវាជាពេលវេលាដ៏មានប្រយោជន៍ដែលនឹងជួយឲ្យគ្រូបង្វឹក និងកីឡាករទទួលបានទាំងបទពិសោធន៍ និងចំណេះដឹងថ្មីយកមកអភិវឌ្ឍវិស័យកីឡាប្រណាំងកម្ពុជានៅកម្ពុជាឲ្យកាន់តែមានការរីកចម្រើនដើម្បីឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់