បឹងកេត បានប្ដឹងឧទ្ធរណ៍ ស្របពេលក្រុមស្គាល់ចាញ់លើកដំបូង

នូ មករា July 28, 2018


ភ្នំពេញ៖ មុនពេលក្រុមបឹងកេត បានស្គាល់បរាជ័យលើកដំបូង ក្នុងលីគកំពូលកម្ពុជា ក្រោមថ្វីជើងក្រុមក្រសួងការពារជាតិកាលពីយប់មិញ ក្រុមការពារតំណែងជើងឯកនេះ ក៏បានធ្វើលិខិតប្ដឹងឧទ្ធរណ៍ ទៅកាន់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) ដើម្បីស្នើឲ្យមានការត្រួតពិនិត្យឡើងវិញ ជុំវិញករណីពិន័យព្យួរការដឹកនាំរបស់គ្រូបង្វឹលលោក ហៅ សុជាតិ រយៈពេល ១ខែទាំងលីគ និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup ផងដែរ ។ នេះបើតាមការអះអាងរបស់លោក បែ មករា អ្នកចាត់ការទូទៅក្រុមបឹងកេត ។

លោក បែ មករា ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបឹងកេត ប្រកួតចាញ់ក្រុមម្ចាស់ផ្ទះក្រសួងការពារជាតិ ២-០ ក្នុងជើងទី២ ថា បញ្ហាចម្បងធ្វើឲ្យបឹងកេតចាញ់ ដោយគ្មានគ្រាប់បាល់តបតនេះ ដោយសារគ្មានគ្រូបង្វឹក បញ្ជាលើទីលាន បន្ទាប់ពីលោក ហៅ សុជាតិ ត្រូវបានគណៈកម្មការវិន័យសហព័ន្ធ ដាក់ពិន័យរយៈពេល ១ខែកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ។ លោកថា៖«លើសមរភូមិ បើយើងលេងដោយគ្មានមេបញ្ជាការ គឺវាពិបាក ក្នុងការបញ្ជាទ័ព ទោះបីយើងបានរៀបក្បួន យុទ្ធសាស្ដ្ររួចរាល់មែន តែយើងក៏ត្រូវការការបញ្ជាផ្ទាល់ដែរ ចឹងវាប៉ះពាល់ខ្លាំងណាស់» ។

ដោយមិនសូវសប្បាយក្រោយរបូត ៣ពិន្ទុ លោកក៏បានប្រកាសដាក់លិខិតប្ដឹងឧទ្ធរណ៍ទៅសហព័ន្ធ ដើម្បីតវ៉ាករណីពិន័យ ហៅ សុជាតិ ព្រោះលោកហាក់មិនពេញចិត្ត ចំពោះការសម្រេចរបស់គណៈកម្មការវិន័យឡើយ ។ លោកនិយាយថា៖ «ខ្ញុំបានដាក់សំណើរប្ដឹងឧទ្ធរណ៍ ដើម្បីឲ្យគាត់ត្រួតពិនិត្យឡើងវិញ អំពីការពិន័យលោកគ្រូ ហៅ សុជាតិ ព្រោះកន្លងមកការប្រកួតដូចគ្នា មានការពិន័យដូចគ្នា ប៉ុន្ដែគេពិន័យតែក្នុងលីគ តែគ្រូ ហៅ សុជាតិ ត្រូវបានពិន័យទាំងពាន Hun Sen Cup ។ ដូច្នេះខ្ញុំបានធ្វើបណ្ដឹងទៅឧទ្ធរណ៍ ដើម្បីឲ្យគាត់ត្រួតពិនិត្យនូវកំហុស និងការសម្រេចចិត្តម្ដងទៀត» ។

ទន្ទឹមនឹងការលើកឡើងបែបនេះដែរ ថ្វីត្បិតអ្នកចាត់ការក្រុមរូបនេះ មិនបង្ហើបឈ្មោះគ្រូ ដែលលោកយកមកប្រៀបធៀបករណីលោក ហៅ សុជាតិ ពិតមែន តែគេដឹងច្បាស់ថា គ្រូបង្វឹកត្រូវបានពិន័យត្រឹមក្នុងលីគនោះ គឺលោក ភា សុភ័ក្ដ្រា គ្រូបង្វឹកក្រសួងការពារជាតិ ត្រូវបានពិន័យ ៤ប្រកួតក្នុងលីគ កាលពីថ្ងៃទី២៥ ខែឧសភា ក្រោមបទចោទប្រកាន់ស្រដៀងគ្នា នឹងការពិន័យលោក ហៅ សុជាតិ ដែរ ។

ហេតុផលនេះ ទើបធ្វើឲ្យលោក បែ មករា ហាក់មិនសុខចិត្ត ហើយបានប្ដឹងឧទ្ធរណ៍ ដើម្បីឲ្យមានការពិនិត្យឡើងវិញ លើករណីគ្រូបង្វឹកខ្លួន ស្របពេលបឹងកេត ត្រូវធ្វើការធ្ងន់ ដោយជួបណាហ្គាវើល ក្នុងវគ្គ ១/៤ នៃពាន Hun Sen Cup ជើងទី១ នាថ្ងៃទី០១ ខែសីហាខាងមុខ ៕

អត្ថបទ៖ បុត្រា

មតិយោបល់