ការពារជាតិ ត្រៀមលេងប្ដូរផ្តាច់ជាមួយបឹងកេត ដើម្បីរក្សាឱកាសប្រជែងជើងឯកលីគកំពូល

នូ មករា July 27, 2018


ភ្នំពេញ៖ ក្រោយភ្លាត់ប្រកួតស្មើក្រុមវេស្ទើន ៣-៣ ក្នុងសប្ដាហ៍ទី១៥ កាលពីពេលថ្មីៗ លោក ភា សុភ័ក្ដ្រា គ្រូបង្វឹកក្រុមក្រសួងការពារជាតិ នឹងប្រើយុទ្ធសាស្ដ្រប្រថុយលេងជាមួយក្រុមបឹងកេត ក្នុងជំនួបជើងទី២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៨ នាវេលាម៉ោង ៦ល្ងាចនេះ នៅកីឡដ្ឋានស្ដាត់ចាស់ ដើម្បីរក្សាឱកាសប្រជែងតំណែងជើងឯក ។ ទន្ទឹមនឹងការអះអាងបែបនេះ លោកក៏ត្រៀមចិត្ត ពេលត្រូវបឹងកេតវាយបកច្រើនគ្រាប់វិញផងដែរ ។
គ្រូបង្វឹកកាន់សញ្ញាបត្រកម្រិត A រូបនេះបានថ្លែងថា: «ការប៉ះបឹងកេតល្ងាចនេះ ដូចជាការប្រកួតចុងក្រោយរបស់យើង បើយើងឈ្នះបឹងកេត យើងអាចមានទឹកមាត់លេប មានន័យថា យើងមានក្ដីសង្ឃឹមខ្ពស់ក្នុងការប្រជែងជើងឯក តែបើយើងភ្លាត់ ឬបរាជ័យ មានន័យថា លីគរដូវកាលនេះ ហាក់ដូចជាអស់សង្ឃឹមក្នុងការតាមប្រជែងជើងឯក ព្រោះយើងមិនរំពឹងខ្ចីដៃក្រុមផ្សេង ឲ្យគេឈ្នះបឹងកេត តែយើងចាញ់បឹងកេត ហើយរំពឹងក្រុមដទៃនោះទេ យើងមិនគិតអុីចឹងទេ» ។
លោកបានបន្ដថា: «ការប្រកួតនេះ យើងត្រូវតែប្ដូរ យើងត្រូវប្រើប្រយុទ្ធច្រើន ដើម្បីស្វែងរកគ្រាប់បាល់ និងទាមទារយក ៣ពិន្ទុតែម្ដង អុីចឹងក៏ត្រូវប្រឈរមុខនឹងហានិភ័យ ត្រូវបឹងកេតទាត់បញ្ចូលទីច្រើនដែរ បើសិនយើងបញ្ចប់ទីគេមិនបាន គេនឹងវាយបកមកវិញ» ។ ការលើកឡើងនេះ ស្របពេលក្រុមបឹងកេត និងក្រសួងការពារជាតិមានគម្លាតពិន្ទុពីគ្នា ៨ពិន្ទុឯណោះ បន្ទាប់ពីឆ្លងកាត់ ១៥ប្រកួតដូចគ្នា ពោលគឺបឹងកេតឈរកំពូលតារាងមាន ៣៩ពិន្ទុ ខណៈក្រសួងការពារជាតិលេខ៤ មាន ៣១ពិន្ទុ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់