លីគកំពូលកម្ពុជា៖ គ្រូណាហ្គាថា ប៉ះភ្នំពេញក្រោនល្ងាចនេះ នឹងពិបាកជាងជើងទី១

នូ មករា July 27, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់ភ្នំពេញក្រោន នឹងត្រូវសងសឹកក្រុមណាហ្គាវើល នាវេលាម៉ោង ៣រសៀលនេះ ក្នុងជំនួបជើងទី២ នៃលីគកំពូលកម្ពុជា នៅកីឡដ្ឋានស្ដាតចាស់ ស្របពេលគ្រូបង្វឹកណាហ្គាវើលលោក មាស ចាន់ណា បានអះអាងថា ជើងទី២ នេះ នឹងមានភាពតានតឹងខ្លាំង បើទោះបីក្រុមលោកបានទទួលជ័យជម្នះ ១-០ កាលពីជើងទី១ ក៏ដោយ ។

លោក មាស ចាន់ណា បាននិយាយថា ការរកបាន ៣ពិន្ទុក្រៅដីកាលពីជើងទី១ មិនមែនជារឿងងាយស្រួលឡើយ ហើយជើងទី២ ថ្ងៃនេះកាន់តែពិបាក ដោយសារភ្នំពេញក្រោន បានបន្ថែមខ្សែប្រយុទ្ធដ៏មុតស្រួច Valci Junior ។ ប៉ុន្ដែក្នុងស្ថានការណ៍ដ៏តឹងតែងនេះ លោកនឹងប្រើប្រាស់ទម្រង់លេង ដែលបានត្រៀម ដើម្បីប្រជែង ៣ពិន្ទុជាមួយក្រុមភ្នំពេញក្រោនជាថ្មី តែមិនប្រើសម្ពាធ ឬលេងទាំងប្រថុយ ដើម្បីដណ្ដើមកៅអីលេខរៀងទី២ វិញឡើយ ។

លោកបានបញ្ជាក់ថា: «យើងជួបភ្នំពេញក្រោនលើកនេះ មិនមែនជារឿងងាយស្រួលនោះទេ ដោយសារពួកគេ មានកីឡាករល្អៗច្រើន ពិសេសគេទើបនាំចូលខ្សែប្រយុទ្ធប្រេស៊ីល ដែលជាកីឡាករមានគុណភាព…។ និយាយទៅ ជើងទី១ ត្បិតក្រុមយើងឈ្នះ ១-០ ប៉ុន្ដែភ្នំពេញក្រោន មិនមែនជាក្រុមអន់នោះទេ គ្រាន់តែពួកគាត់ខ្វះសំណាង យើងក៏លេងបានល្អដែរ តែពេលខ្លះគាត់ខ្វះសំណាង ព្រោះគាត់មានឱកាសច្រើន តែទាត់អត់ចូល ។ ចឹងពួកគាត់ គឺជាក្រុមខ្លាំងមួយ ដែលយើងត្រូវប្រុងប្រយ័ត្នគ្រប់ពេល» ។
គួរបញ្ជាក់ថា បច្ចុប្បន្នណាហ្គាវើល បានធ្លាក់មកឈរលេខ៣ បណ្ដោះអាសន្ន និងមាន ៣២ពិន្ទុ ប៉ុន្ដែសល់ ១ប្រកួតក្នុងដៃ សម្រាប់សប្ដាហ៍ទី១៥ បន្ទាប់ពីជំនួបជាមួយភ្នំពេញក្រោន ត្រូវបានលើកពីថ្ងៃទី២២ ខែកក្កដា មកប្រកួតនៅថ្ងៃទី២៧ ខែកក្កដាវិញ ។ ដូច្នេះដើម្បីទម្លាក់ក្រុមវិសាខា ដែលកំពុងឈរលេខ២ មាន ៣៥ពិន្ទុពីកៅអីលេខ២ លុះត្រាតែណាហ្គាវើលរកបាន ៣ពិន្ទុពីភ្នំពេញក្រោននាចុងសប្ដាហ៍នេះ ខណៈភ្នំពេញក្រោន ដូចគ្នា បើចង់ឡើងទៅឈរលេខ៥ វិញ គឺត្រូវការឈ្នះណាហ្គាវើលដាច់ខាតល្ងាចនេះ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់