ឃួន ឡាបូរ៉ាវី លេចមុខជាមួយក្រុមចាស់ ក្រោយប្រកាសអាចនឹងវិលវិញកាលពីពេលថ្មីៗនេះ

នូ មករា July 26, 2018


ភ្នំពេញ: នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ គេបានឃើញកីឡាករ ឃួន ឡាបូរ៉ាវី លេចមុខចូលរួមហ្វឹកហាត់ជាមួយក្រុមចាស់បឹងកេតនៅកីឡដ្ឋានខេមរភូមិន្ទបន្ទាប់ពីសាមីខ្លួនបានបង្ហាញចេតនាថាអាចនឹងវិលមកលេងនៅមាតុប្រទេសវិញកាលពីដើមខែនេះ  ។

ខ្សែប្រយុទ្ធចាស់វស្សារូបនេះបានថ្លែងកាលពីពេលកន្លងថា៖ «ការមកលេងនៅទីនេះ(ថៃ) កីឡាករក្នុងស្រុករបស់គេ នៅលីគទី៣ ហ្នឹង បើប្រៀបទៅនឹងលីគកំពូលខ្មែរយើង វានៅមានគុណភាពទាបជាងបន្ដិច ហើយចង្វាក់លេងក៏រាងយឺតបន្ដិចដែរ តែចង្វាក់ការពាររបស់ក្រុមនីមួយៗ គេលេងមានលក្ខណៈប្រជែងខ្លាំង គឺយើងអត់សូវមានតំបន់ទំនេរ ដើម្បីគ្រប់គ្រងបាល់ទេ ។ និយាយទៅការប៉ះទង្គិចខ្ពស់ ។ ប៉ុន្ដែបញ្ហាខ្ញុំមកលេងនៅទីនេះ គឺបញ្ហាភាសា ដោយសារកីឡាករសឹងតែ ៩០% គាត់អត់ចេះភាសាអង់គ្លេសទេ» ។

សូមបញ្ជាក់ថា ក្រោយបានទៅលេងនៅប្រទេសថៃមួយរយៈ អតីតប្រធានក្រុមជម្រើសជាតិកម្ពុជាបានអះអាងថា ខ្លួនអាចនឹងប្រឹងប្រែងបន្ថែម ដើម្បីមានឱកាសឡើងទៅលេងលីគទី២ បើសិនមានក្លឹបថៃទាក់ទង តែបើមិនអាចសម្រេចគោលដៅនេះ ឡាបូរ៉ាវី នឹងត្រឡប់មកជួយក្លឹបចាស់ខ្លួនវិញតែម្តង ។ យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងច្បាស់ទេថា ការវិលត្រលប់លើកនេះគឺមកប្រកបអាជីពនៅកម្ពុជាវិញឬយ៉ាងណានោះទេ ៕

អត្ថបទ: បុត្រា  

មតិយោបល់