កីឡាការិនី ហួត គីមហុង បានអាហារូបករណ៍សិក្សា ២ឆ្នាំនៅអាមេរិគ ប៉ុន្តែប្រឈមបញ្ហាជីវភាព

នូ មករា July 26, 2018


ភ្នំពេញ:  កីឡាការិនីហួត គីមហុង សមាជិកក្រុមបាល់ទាត់នារីភ្នំពេញក្រោនបានទទួលអាហារូបករណ៍ដើម្បីបន្តការសិក្សា ២ឆ្នាំបន្ថែមទៀតនៅសហរដ្ឋអាមេរិគក្នុងគោលបំណងសម្រេចក្តីស្រមៃរបស់ខ្លួនដែលប្រាថ្នាចង់បានចំណេះដឹងខ្ពស់ខ្ពង់នាពេលអនាគត ។

ប្រធានក្រុមនារីជម្រើសជាតិកម្ពុជារូបនេះបានថ្លែងថា រូបគេបានទទួលអាហារូបករណ៍ទៅសិក្សានៅសាលា Bryant and Stratton College ដែលស្ថិតនៅទីក្រុងញីវយ៉ក ដោយសារការជ្រោមជ្រែងពីជនបរទេសមួយរូបឈ្មោះ Rick Beal ដោយសារតែរូបនាងគឺជាគ្រូបង្វឹកកូនៗរបស់គ្រួសារអាមេរិគមួយនេះ ។ គីមហុង បានបន្ថែមថា: «ខ្ញុំមានក្តីរីករាយមែនទែននៅពេលដែលខាងសាលាទាក់ទងដោយប្រាប់ថា ខ្ញុំបានជាប់អាហារូបករណ៍ហើយក្រោយឆ្លងកាត់ការប្រលង និងសម្ភាសន៍រួចមក ប៉ុន្តែបញ្ហាដែលខ្ញុំកំពុងជួបប្រទះនោះគឺ ខ្ញុំមិនមានលទ្ធផលក្នុងការចំណាយលើសំបុត្រយន្តហោះ និងថ្លៃធានារ៉ាប់រងនោះទេ។ »

សូមបញ្ជាក់ថា ទោះបីជាក្រុមគ្រួសារ Rick Beal បានសម្រួលដល់ គីមហុង ដោយផ្តល់ជាទីកន្លែងស្នាក់នៅក្នុងពេលបន្តការសិក្សាក៏ដោយ ប៉ុន្តែកីឡាការិនីដែលមានប្រភពមកពីមណ្ឌលក្មេងកំព្រារូបនេះកំពុងតែជម្នះក្នុងការរកប្រាក់មកចំណាយលើភាពខ្វះខាតរបស់ខ្លួន ស្របពេលដែលគ្រួសារ  Rick Beal  ក៏បានរួមចំណែកយ៉ាងផុសផុលដោយបានបង្កើតជាមូលនិធិមួយដើម្បីប្រមូលថវិកាពីសប្បុរសជនានាផងដែរ ។

គួររំលឹកថា ហួត គីមហុង ធ្លាប់បានទទួលការបណ្តុះបណ្តាលនៅអង្គការ  Mighty Girls ក្នុងខេត្តបាត់ដំបងជាទីដែលរូបនាងបានផ្លាស់ប្តូរជីវិតរហូតមកដល់បច្ចុប្បន្នក្រោយពីបានចូលហ្វឹកហាត់កីឡាបាល់ទាត់រួចមក ។ ដោយការខិតខំព្យាយាម គួបផ្សំជាមួយនឹងទេពកោសល្យពីធម្មជាតិផងនោះ គីមហុង បានវិវត្តន៍ខ្លួនរហូតក្លាយជាកីឡាការិនីអាជីពមួយរូបនៅក្នុងក្លឹបភ្នំពេញក្រោន ព្រមទាំងជាប់ជាកីឡាការិនីក្រុមនារីជម្រើសជាតិកម្ពុជាដោយមានតួនាទីជាប្រធានក្រុមក្នុងព្រឹត្តិការណ៍ AFF Women’s Championship 2018 និងរកបាន ៧គ្រាប់នៅក្នុងជំនួបជាមួយក្រុមទីម័រខាងកើត ។ សម្រាប់លោកអ្នកដែលមានបំណងចូលរួមឧបត្ថម្ភសូមចូលទៅកាន់ ចុចត្រង់នេះ

មតិយោបល់