ស៊ិន កក្កដា ប្ដេជ្ញាជួយក្រោនលើកពាន Hun Sen Cup ជាថ្មី ក្រោយខកខានជិត ១ទសវត្សរ៍

នូ មករា July 25, 2018


ភ្នំពេញ៖ បន្ទាប់ពីជួយក្រុមភ្នំពេញក្រោន បន្ដដំណើរទៅវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup ថ្នាក់ជាតិ រដូវកាលទី១២ កីឡាករវ័យក្មេង ស៊ិន កក្កដា ហាក់មានជំនឿចិត្តខ្ពស់លើក្រុមខ្លួន ក្នុងដំណើរឆ្ពោះទៅប្រជែងពានប្រើប្រាស់ធនធានកីឡាករក្នុងស្រុកមួយនេះ ហើយរូបគេ ក៏បានប្ដេជ្ញាចិត្តជួយក្រុមសម្រេចគោលដៅលើកពានជាថ្មី ក្រោយខកខានអស់រយៈពេល ៨រដូវកាលកន្លងទៅផងដែរ ។

ខ្សែប្រយុទ្ធវ័យ ១៧ឆ្នាំរូបនេះ បានលើកឡើងថា៖ «ឱកាសឆ្ពោះទៅលើកពានរបស់ភ្នំពេញក្រោន គឺមានច្រើនសម្រាប់យើង ព្រោះកីឡាករពួកខ្ញុំ ដូចអ្នកគាំទ្របានឃើញស្រាប់ គឺមានគុណភាព ហើយភាគច្រើន គឺមានបច្ចេកទេសខ្ពស់ និងមានបទពិសោធន៍ច្រើន…។ ពួកយើងនឹងព្យាយាមធ្វើបាន ដើម្បីសម្រេចគោលដៅក្លឹប ព្រោះក្លឹបបានខកខានឈ្នះពានជាច្រើនរដូវកាលមកហើយ» ។

ប៉ុន្ដែទន្ទឹមនឹងការអះអាងបែបនេះ ស៊ិន កក្កដា ក៏បង្ហើបក្ដីបារម្ភមួយចំនួន ចំពោះក្រុមខ្លាំងៗ ៣ក្រុមផងដែរ រួមមានក្រុមព្រះខ័នរាជស្វាយរៀង បឹងកេត និងក្រុមណាហ្គាវើល ព្រោះសុទ្ធតែជាក្រុមឧស្សាបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រស្ទើរាល់ឆ្នាំ ។ តែទោះជាបែបនេះក្ដី កីឡាករវ័យក្មេងរូបនេះ នៅតែតាំងចិត្តខ្ពស់ និងត្រៀមខ្លួនជានិច្ច ដើម្បីជួបពួកគេ និងដណ្ដើមជ័យជម្នះជូនក្រុមឲ្យខានតែបាន ។

គួរបញ្ជាក់ថា ភ្នំពេញក្រោន បានឡើងវគ្គ ១/៤ ក្រោយទម្លាក់ក្រុមអគ្គិសនីកម្ពុជា ដោយលទ្ធផល ៦-១(២ជើង) ក្នុងវគ្គ ១/៨ ខណៈ ស៊ិន កក្កដា រកបាន ២គ្រាប់ ។ រីឯគូប្រកួតបន្ទាប់របស់ពួកគេ ក្នុងវគ្គសំខាន់ ដើម្បីដណ្ដើមកៅអីវគ្គ ១/២ ឬវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គឺក្រុមអង្គរថាយហ្គឺរ ក្រោយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា រៀបចំកម្មវិធីចាប់គូកាលពីថ្ងៃច័ន្ទកន្លងទៅ ហើយជំនួបជើងទី១ នឹងធ្វើឡើងនាថ្ងៃទី០១ ខែសីហាសប្ដាហ៍ក្រោយ ៕

អត្ថបទ៖ បុត្រា

មតិយោបល់