ក្រុមជម្រើសលីគជប៉ុន នឹងប៉ះ U19បាទី មុនជួបបឹងកេតដើមខែក្រោយ

នូ មករា July 25, 2018


ភ្នំពេញ៖ ក្រុមកីឡាករចម្រុះក្របខណ្ឌលីគជប៉ុន(JAPAN FOOTBALL LEAGUE) ឬក្រុមជម្រើសជាតិលីគជប៉ុន នឹងមានការប្រកួតមិត្តភាព ២ប្រកួតជាមួយក្រុមម្ចាស់ផ្ទះកម្ពុជា ពោលគឺត្រូវជួបក្រុមយុវជនសាលាបាល់ទាត់ជាតិ U19បាទី មុនជួបក្រុមកំពូលតារាងបឹងកេត នាដើមខែសីហាខាងមុខ ។ នេះបើតាមការឲ្យដឹងរបស់លោក ឆាំង ពិសិដ្ឋ លេខាធិការប្រតិបត្តិរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC) ។

លោក ឆាំង ពិសិដ្ឋ បានបញ្ជាក់ថា ដោយសារបឹងកេត ត្រូវប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិលីគជប៉ុន នាថ្ងៃទី០៥ ខែសីហា ជាន់គ្នានឹងកម្មវិធីប្រកួតលីគកំពូលកម្ពុជា សប្ដាហ៍ទី១៦ រវាងបឹងកេត និងក្រុមម្ចាស់ផ្ទះក្រសួងការពារជាតិ ដូច្នេះទើប CNCC សម្រេចលើកការប្រកួតក្រុមទាំងពីរ មកធ្វើនៅថ្ងៃទី២៧ ខែកក្កដានេះវិញ ។ ប៉ុន្ដែមុនជួបបឹងកេតរយៈពេល ២ថ្ងៃ ក្រុមជម្រើសលីគជប៉ុន នឹងធ្វើការប្រកួតមិត្តភាពជាមួយក្រុម U19បាទីមុន នៅថ្ងៃទី០៣ ខែសីហាខាងមុខ ។

យ៉ាងណាមិញមន្ដ្រីស្ថាប័ន តំណាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាដដែល មិនទាន់ច្បាស់ពីសមាសភាពកីឡាកររបស់ក្រុមជម្រើសលីគជប៉ុននោះទេ ដោយគ្រាន់តែចាត់ទុកការប្រកួតខាងលើ គឺជាឱកាសដ៏ល្អ ដើម្បីចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍បាល់ទាត់ ពិសេសគឺការរឹតចំណងមិត្តភាព សាមគ្គីភាពរវាងប្រទេសកម្ពុជា-ជប៉ុន ។ ដូច្នេះលោករំពឹងថា នឹងមានអ្នកគាំទ្រច្រើន ចូលរួមទស្សនាការប្រកួតមិត្តភាពអន្ដរជាតិទាំងពីរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់