គ្រូទ័ព គាំទ្រសម្ដីអ្នកចាត់ការក្លឹប ស្របពេល ច្រឹង ពលរដ្ឋ ធ្វើឲ្យក្លឹបខកចិត្តជាថ្មី

នូ មករា July 24, 2018


ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រុមក្រសួងការពារជាតិ(ទ័ព) ហាក់អស់ជំនឿលើកីឡាករ ច្រឹង ពលរដ្ឋ ហើយ បន្ទាប់ពីគេប្រកាសប្រាប់អ្នកសារព័ត៌មាន មិនទាន់ណាចោលក្រសួងការពារជាតិ និងត្រៀមចូលទ្រនំហ្វឹកហាត់ជាថ្មី កាលពីថ្ងៃច័ន្ទម្សិលមិញ តែមិនបានបង្ហាញវត្តមានដូចការអះអាង ដែលធ្វើឲ្យគ្រូបង្វឹកលោក ភា សុភ័ក្ដ្រា សម្ដែងការខកចិត្ត និងបានប្រកាសយល់ស្របតាមការលើកឡើងរបស់អ្នកចាត់ការទូទៅក្រុមលោក ទេព ឡុងរចនា ដែលមិនបានចាត់ទុក ច្រឹង ពលរដ្ឋ គឺជាសមាជិកក្រុមក្រសួងការពារជាតិទៀតផង ។

 

សូមរំឮកថា កាលពីពេលថ្មីៗ លោក ទេព ឡុងរចនា បានអះអាងថា «អាលូវនេះយើងសម្រេចមើលលើទង្វើររបស់គាត់(ពលរដ្ឋ) មើលចរិករបស់គាត់ គាត់មិនមែនជាក្មេងរបស់ទ័ពទៀតទេ…» ។ តែប៉ុន្មានថ្ងៃក្រោយមក ច្រឹង ពលរដ្ឋ បានប្រាប់អ្នកសារព័ត៌មានមួយថា ខ្លួនមិនទៅណាចោលទ័ពទេ ។ ទោះបីមិនបានហាត់នៅក្លឹប ក៏គេបានហាត់ដោយខ្លួនឯង ដើម្បីពង្រឹងកាយសម្បទា និងសមត្ថភាពដែរ ។ មិនតែប៉ុណ្ណោះ ពលរដ្ឋ បានបញ្ជាក់ថា គ្រោងត្រឡប់ចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមជាថ្មី នៅថ្ងៃទី២៣ ខែកក្កដា ប៉ុន្ដែគេមិនបានទៅហាត់ ដូចការលើកឡើងទេ ។

ក្រោយតាមដានព័ត៌មានដ៏រសើបនេះ លោក ភា សុភ័ក្ដ្រា បានបញ្ជាក់ថា ពលរដ្ឋ និងក្លឹប នៅតែបន្ដគ្មានទំនាក់ទំនងជាមួយគ្នា ដូចការលើកឡើងរបស់លោក ទេព ឡុងរចនា ។ តែអ្វីដែលលោកដឹង គឺ ពលរដ្ឋ បានធ្វើឲ្យលោក និងក្លឹបខកចិត្តជាថ្មី ដែលគេមិនបានគោរពតាមការសន្យាម្ដងហើយម្ដងទៀត ។ លោកនិយាយថា៖ «ខ្ញុំបាននិយាយជាមួយគាត់ តាំងពីមុនគាត់ទៅវះកាត់ម្ល៉េះ ខ្ញុំថាយ៉ាងហោចក៏មិនអើតក្លឹប ២ ទៅ ៣ដងដែរក្នុងមួយសប្ដាហ៍ គាត់សន្យាជាមួយខ្ញុំ ប៉ុន្ដែគាត់អត់បានមកដូចអ្វី ដែលគាត់បានសន្យាទេ» ។

បន្ថែមលើនេះ លោកបានសម្ដែងការមិនយល់ស្រប ចំពោះការបកស្រាយរបស់ ពលរដ្ឋ ថា មិនបានមកហាត់ជាមួយក្លឹប ក៏បានហាត់ខ្លួនឯងដែរ ។ លោកសង្កត់ធ្ងន់ថា «ការហ្វឹកហាត់ខ្លួនឯង ទោះបីកីឡាករអាជីពក៏មានអ្នកតាមដាន និងយកចិត្តទុកដាក់ដែរ អំឡុងពេលរបួស ។ ហាត់ខ្លួនឯង ប៉ុន្ដែជាមកវិញ គាត់លេងបានឬអត់ទេ? ស្គាល់ពីតាក់ទិចរបស់គ្រូ ឬក្រុមអត់? គាត់អត់ដឹងទេ ។ អញ្ចឹងខ្ញុំគិតថា ការសន្យា ជាមួយនឹងការបកស្រាយរបស់គាត់ថា នឹងមកហាត់ថ្ងៃនេះ(ថ្ងៃច័ន្ទ) តែគាត់មិនបានបង្ហាញវត្តមាន ដូច្នេះមានន័យថា គាត់បានបោកប្រាសក្លឹបសាជាថ្មី សូម្បីតែខ្ញុំ ក៏គាត់មិនឲ្យដំណឹងមកខ្ញុំ ព្រោះគាត់ធ្លាប់សន្យាថា យ៉ាងហោចណាស់ ១សប្ដាហ៍មក ២ដង» ។

យ៉ាងណាមិញ ក្រោយការលើកឡើងខាងលើ លោក ភា សុភ័ក្ដ្រា បានបញ្ជាក់ថា ជុំវិញបញ្ហានេះ លោកមិនផ្ដោតសំខាន់នោះទេ គឺទុកឲ្យថ្នាក់ដឹកនាំដោះស្រាយ គ្រាដែលលោកប្រមូលអារម្មណ៍ទៅលើក្រុម ដែលកំពុងយល់ចិត្តគ្នា ។ តែលោក គ្រាន់តែមានអារម្មណ៍តូចចិត្ដបន្ដិចប៉ុណ្ណោះ ចំពោះ ច្រឹង ពលរដ្ឋ ដែលក្លឹបបានយកចិត្តទុកដាក់ រហូតមិនកាត់ប្រាក់ខែ តែគេបែរជាមិនផ្ដល់តម្លៃឲ្យក្លឹបវិញ ។ លោកថា៖ «ក្នុងបញ្ជីឈ្មោះគឺមាន ពលរដ្ឋ ហើយយើងចុះបញ្ជីរាល់ថ្ងៃ យើងអត់ទាន់លុបឈ្មោះ ឬប្រកាសបញ្ឈប់ទេ ។ គ្រាន់តែអ្វីដែលយើងនិយាយ យើងមានអារម្មណ៍ហាក់តូចចិត្តដែរ ព្រោះក្លឹបផ្ដល់ថវិកាឲ្យគាត់ តែគាត់អត់ចូលរួមជាមួយយើង…» ។ គួរបញ្ជាក់ថា ច្រឹង ពលរដ្ឋ ដោយសារមានរបួសជង្គង់ កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៨ គេបានបង្ខំចិត្តធ្វើការវះកាត់ ។ ប៉ុន្ដែក្រោយវះកាត់ ទំនាក់ទំនងរបស់គេ ជាមួយក្លឹបក្រសួងការពារជាតិ ហាក់ដាច់ឆ្ងាយបន្ដិចម្ដងៗ មុនបែកធ្លាយព័ត៌មាន មានក្លឹបលំដាប់លីគទី៤ របស់អេស្ប៉ាញទាក់ទងរូបគេ ទៅលេង ។ តែដោយសារអវត្តមានពីទីលានហ្វឹកហាត់ជាមួយក្រុមក្រសួងការពារជាតិជាច្រើនខែ ដោយគ្មានដំណឹង ទើបជំរុញឲ្យលោក ទេព ឡុងរចនា អ្នកចាត់ការទូទៅក្រុមអះអាងថា ច្រឹង ពលរដ្ឋ មិនមែនជាសមាជិករបស់ក្រុមក្រសួងការពារជាតិយ៉ាងដូច្នេះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់