បឹងកេត គ្រោងប្ដូរនិមិត្តសញ្ញាថ្មី ក្រោយរកបានម្ចាស់ថ្មី ៨៤ថ្ងៃ

នូ មករា July 24, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់បឹងកេតអែហ្វស៊ី បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ជាមួយនឹងការបង្ហាញនូវនិមិត្តសញ្ញាថ្មីរបស់ក្លឹប កាលពីល្ងាចមិញ ហើយក្លឹបគ្រោងប្រើប្រាស់ ជំនួសនិមិត្តសញ្ញាចាស់នារដូវកាលក្រោយ ។ ប៉ុន្ដែអ្វីដែលគួរឲ្យកត់សម្គាល់ ការបង្ហាញនិមិត្តសញ្ញាថ្មីនេះ គឺធ្វើឡើងក្រោយពេលក្លឹប ទើបបានផ្លាស់ប្ដូរម្ចាស់ក្លឹបថ្មី គឺលោកស្រី ពុទ្ធ ធីតា បានរយៈពេល ៨៤ថ្ងៃប៉ុណ្ណោះ ។

យ៉ាងណាមិញក្លឹបកំពុងឈរកំពូលតារាងពិន្ទុ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៧ បានបញ្ជាក់លើទំព័រហ្វេសប៊ុកថា និមិត្តសញ្ញាថ្មីនេះ ត្រូវបានរចនាឡើង ដោយផ្អែកលើលំនាំដើម នៃនិមិត្តសញ្ញាបច្ចុប្បន្ន ដែលក្លឹបបាននឹងកំពុងប្រើប្រាស់តាំងពីឡើងមកក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគក្នុងឆ្នាំ២០១២មក ហើយច្នៃបន្ថែមដើម្បីឲ្យមានភាពទាន់សម័យ និងទំនើបភាពស្របទៅតាមយុគសម័យថ្មីនៃបាល់ទាត់ ។

ប្រភពដដែលសរសេរថា៖ «ក្លឹបបាល់ទាត់អាជីពនានានៅជុំវិញពិភពលោកបានធ្វើការកែសម្រួលនិមិត្តសញ្ញារបស់ពួកគេពីមួយពេលទៅមួយពេល ដើម្បីបង្កើនភាពស្រស់ស្អាត និងទាន់សម័យ។ ក្លឹបបឹងកេត តែងតែព្យាយាមគិត ដើម្បីអភិវឌ្ឍក្លឹបឲ្យ កាន់តែរីកចម្រើនឡើងហើយ នេះជាលើកដំបូងដែលពួកយើងធ្វើបច្ចុប្បន្នភាពនិមិត្តសញ្ញារបស់យើង។ នេះគ្រាន់តែជាផ្នែកមួយនៃផែនការអភិវឌ្ឍន៍ក្លឹប ហើយពួកយើងជឿជាក់ថាអ្នកគាំទ្ររបស់យើងនឹងទទួលដំណឹងរំភើបរីករាយខ្លាំងជាងនេះច្រើនទៀតនៅពេលខាងមុខ»។

គួរបញ្ជាក់ថា បច្ចុប្បន្នក្លឹបបឹងកេត បានក្លាយជាក្រុមមួយមានដ៏លំនឹង បន្ទាប់ពីទទួលបានប្រធានក្លឹបថ្មីជាអ្នកជំនាញម្នាក់ គឺលោកស្រី ពុទ្ធ ធីតា ហើយលោកស្រីបានគ្រោងនឹងចំណាយថវិកាប្រមាណ ១,៥លានដុល្លារ ដើម្បីអភិវឌ្ឍន៍ និងរុញច្រានក្លឹបមានប្រភពពីខេត្តកំពង់ចាមនេះឲ្យកាន់តែខ្លាំងបន្ថែមទៀត ។ យ៉ាងណាមិញបច្ចុប្បន្នពួកគេ កំពុងឈរកំពូលតារាងពិន្ទុបណ្ដោះអាសន្ន នៃលីគកំពូលកម្ពុជា សប្ដាហ៍ទី១៥ ដោយមាន ៣៩ពិន្ទុ ជាមួយលទ្ធផល ១៥ប្រកួតឈ្នះ១២ និងស្មើ៣ មិនទាន់ស្គាល់ពាក្យចាញ់ឡើយ ៕

អត្ថបទ៖ បុត្រា

មតិយោបល់