មិត្តភាព៖ U16កម្ពុជា ស្មើក្រុម U19 UiTM ម៉ាឡេស៊ី ០-០ មុនចេញទៅឥណ្ឌូនេស៊ី

នូ មករា July 24, 2018


ភ្នំពេញ៖ ក្រោយហ្វឹកហាត់បានរយៈពេល ១សប្ដាហ៍នៅម៉ាឡេស៊ី ក្រុមជម្រើសជាតិយុវជនក្រោមអាយុ ១៦ឆ្នាំកម្ពុជា ធ្វើបានកាន់តែល្អ ក្នុងជំនួបមិត្តភាពជាមួយក្រុមម្ចាស់ផ្ទះ ដោយបានប្រកួតស្មើក្រុម U19 UiTM យុវជនក្លឹបសមាជិកលីគលំដាប់ទី២ របស់ម៉ាឡេស៊ី ដោយលទ្ធផល ០-០ កាលពីល្ងាចមិញ ។ នេះគឺជាប្រកួតទី២ របស់ក្រុម U16កម្ពុជា អំឡុងពេលហ្វឹកហាត់នៅម៉ាឡេស៊ី គ្រាដែលប្រកួតមិត្តភាពទី១ ចាញ់ក្រុម U16 ម៉ាឡេស៊ី ៤-០ ។

 គួរបញ្ជាក់ថា ខណៈក្រុម U16កម្ពុជា កំពុងបោះជំរុំហ្វឹកហាត់នៅម៉ាឡេស៊ី ដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួតពានរង្វាន់យុវជនអាស៊ីអាគ្នេយ៍ AFF U16 Championship 2018 នៅប្រទេសឥណ្ឌូនេស៊ី ហើយតាមគម្រោងពួកគេ នឹងធ្វើដំណើរទៅឥណ្ឌូនេស៊ី នៅថ្ងៃសុក្រខាងមុខនេះ ដើម្បីត្រៀមប្រកួតបើកឆាកពូលA ជាមួយក្រុមការពារតំណែងជើងឯក U16 វៀតណាម នៅថ្ងៃទី២៩ ខែកក្កដា និង ៤ក្រុមផ្សេងទៀត ដែលស្ថិតក្នុងពូលជាមួយគ្នា រួមមានមីយ៉ាន់ម៉ា ទីម័រខាងកើត ហ្វីលីពីន និងក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ខណៈការប្រកួតគ្រោងបញ្ចប់នៅថ្ងៃទី១១ ខែសីហាខាងមុខ ៕

អត្ថបទ៖ បុត្រា

មតិយោបល់